ពលរដ្ឋរងគ្រោះចំនួន ៤នាក់ បាននាំគ្នាផ្ដិតមេដៃលើពាក្យបណ្ដឹង ដាក់ចូលទំព័រ ហ្វេសប៊ុក របស់សម្ដេចក្រឡាហោម ស ខេង ឱ្យជួយរកយុត្តិធម៌
ពលរដ្ឋរងគ្រោះចំនួន ៤នាក់ បាននាំគ្នាផ្ដិតមេដៃលើពាក្យបណ្ដឹង ដាក់ចូលទំព័រ ហ្វេសប៊ុក របស់សម្ដេចក្រឡាហោម ស ខេង ឱ្យជួយរកយុត្តិធម៌
ខេត្តកំពង់ឆ្នាំង៖ ដោយកើតទុក្ខមិនសុខចិត្តចំពោះការរងភាពអយុត្តិធម៌ ពីការអនុវត្តខុសនីតិវិធីច្បាប់របស់លោក ស សុផល នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ទើបប្រជាពលរដ្ឋរងគ្រោះចំនួន ៤នាក់បាននាំគ្នាផ្ដិតមេដៃលើពាក្យបណ្ដឹងដាក់ចូលទំព័រ ហ្វេសប៊ុក របស់សម្ដេចក្រឡាហោម ស ខេង ឱ្យជួយរកយុត្តិធម៌ជូនពួកគាត់។
ជនរងគ្រោះអះអាងថា ពួកគេបានរងអំពើអយុត្តិធម៌ រួមមានឈ្មោះដូចខាងក្រោម ៖
-ទី១ឈ្មោះ រឿន រី ភេទប្រុសអាយុ៤៣ឆ្នាំមុខរបរកម្មករសំណង់ រស់នៅភូមិនាងមាលា ឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
-ទី២ឈ្មោះ ហៀង ប៊ុន្នី ភេទស្រី អាយុ ៣៥ឆ្នាំ មុខរបរ មេផ្ទះ រស់នៅភូមិនាងមាលា ឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
-ទី៣ឈ្មោះ ហៀង ប៊ុនរ៉ា ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរ កម្មកររោងចក្រ រស់នៅភូមិនាងមាលា ឃុំត្បែងខ្ពស់ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
-ទី៤ឈ្មោះ អ៊ីម លាងអ៊ី ភេទស្រី អាយុ ២៦ឆ្នាំ មុខរបរ កម្មកររោងចក្រ រស់នៅភូមិភូមិនាងមាលា ឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
នៅក្នុងពាក្យបណ្ដឹងចុះថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣ ដែលអ្នកសារព័ត៌មានទទួលបានបញ្ជាក់ថា កាលពីម៉ោង៧ និង៣០នាទីយប់ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣ មានក្រុមជនសង្ស័យមួយក្រុមចំនួន ៥នាក់ មានឈ្មោះ វិត, ឈ្មោះ ទី, ឈ្មោះ ទិ, ឈ្មោះ ចេក និងឈ្មោះ ពៅ ជាសាច់ញាតិរបស់លោក ស សុផល នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលត្បែងខ្ពស់ បានលើកគ្នាទៅវាយពួកគាត់ដល់ក្នុងផ្ទះ រហូតមានរបួសស្នាម បែកមុខ បែកមាត់ បែកក្បាល និងរយះកែងដៃ ហូរឈាមស្រោចពេញខ្លួន(ដូចមានក្នុងរូបថត)។
ក្រុមជនរងគ្រោះ បានគោរពជម្រាបជូន សម្ដេចក្រឡា ហោមបន្ថែមថា ដើមចមដែលក្រុមជនសង្ស័យលើកគ្នាទៅវាយពួកគាត់ដល់ផ្ទះ ដោយសារតែ នៅរសៀលថ្ងៃ ទី០១ ខែកុម្ភៈ ឆ្នាំ២០២៣ សត្វគោចំនួន ៥ក្បាលរបស់ក្រុមជនសង្ស័យបានទៅស៊ីដំណាំរបស់ពួកគាត់នៅក្នុងចំការ។ ពេលនោះជនរងគ្រោះ បានទៅដេញសត្វគោទាំងនោះ ស្រាប់តែក្រុមជនសង្ស័យ ទៅជេរប្រមាថក្រុមជនរងគ្រោះ ជាម្ចាស់ដំណាំ និងបានប្រើហិង្សាលើ ឪពុករបស់ក្រុមជនរងគ្រោះមានឈ្មោះប្រាក់ ហៀង ថែមទាំង គំរាមថានឹងលើកគ្នាទៅសម្លាប់ក្រុមជនរងគ្រោះនៅពេលយប់ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣ មិនឲ្យរួចខ្លួនឡើយ។
ក្រោយកើតភ្លាមៗ ក្រុមជនរងគ្រោះ បានទៅប្ដឹងលោកមេប៉ុស្ដិ៍នគរបាលរដ្ឋបាលត្បែងខ្ពស់ភ្លាមៗ ដើម្បីជួយទប់ស្កាត់កុំឱ្យក្រុមជនសង្ស័យអាចធ្វើសកម្មភាពបាន។ ប៉ុន្តែលោក ស សុផល នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលត្បែងខ្ពស់ មិនព្រមទទួលពាក្យបណ្ដឹងរបស់ពួកគាត់ជាជនរងគ្រោះនោះទេ ដោយប្រាប់ជនរងគ្រោះ ឱ្យទៅប្ដឹងត្រឹមមេភូមិបានហើយ។
លុះដល់វេលាម៉ោង ៧ និង៣០នាទីយប់ថ្ងៃទី០១ ខែ កុម្ភៈ ឆ្នាំ២០២៣ ក្រុមជនសង្ស័យទាំង ៥នាក់ មាន ឈ្មោះ វិត, ឈ្មោះ ទី, ឈ្មោះ ទិ, ឈ្មោះ ចេក និងឈ្មោះ ពៅ បានលើកគ្នាទៅវាយក្រុមជនរងគ្រោះដល់ក្នុងផ្ទះដូចការគំរាមកាលពីថ្ងៃមែន រហូតបង្កឱ្យក្រុមជនរង គ្រោះរបួលធ្ងន់ធ្ងរ។
ក្រោយកើតហេតុ ក្រុមជនរងគ្រោះ បានរត់ទៅប្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលត្បែងខ្ពស់ ភ្លាមៗ ទាំងឈាមស្រោចខ្លួន ប៉ុន្ដែលោក ស សុផល នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលត្បែងខ្ពស់ មិនបានបញ្ជាកម្លាំងឱ្យចុះទៅឃាត់ ខ្លួនក្រុមជនសង្ស័យនោះទេ ដោយឱ្យក្រុមជនរងគ្រោះត្រលប់ទៅផ្ទះវិញ រងចាំដល់ព្រឹក ចាំហៅគ្នាទៅដោះស្រាយ។
នៅព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣ លោក ស សុផល នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលត្បែងខ្ពស់ បានកោះហៅក្រុមជនសង្ស័យទាំង ៥នាក់ និងក្រុមជនរងគ្រោះ ទៅដោះស្រាយ ដោយសម្របសម្រួលឱ្យក្រុមជនសង្ស័យសងសំណងជំងឺចិត្តចំនួន ២លានរៀលទៅឱ្យក្រុមជន រងគ្រោះ ដើម្បីបញ្ចប់រឿង ប៉ុន្ដែក្រុមជនរងគ្រោះមិនព្រមទទួល។
ពេលនោះ លោក ស សុផល បានសម្រេចឃាត់ខ្លួនក្រុមជនសង្ស័យទាំង ៥នាក់ និងក្រុមជនរងគ្រោះទាំង ៤ នាក់ បញ្ជួនសំណុំរឿងទៅស្នងការនគរបាលខេត្តកំពង់ឆ្នាំងភ្លាមៗ ដោយចោទប្រកាន់ក្រុមជនរងគ្រោះ ថាជារឿងហិង្សាវាយទៅវាយមក ដោយមិនបានចោទប្រកាន់តែលើក្រុមជនសង្ស័យថា បានប៉ុនប៉ងសម្លាប់ក្រុមជនរងគ្រោះឡើយ។
លុះបញ្ជូនខ្លួនក្រុមជនរងគ្រោះ ទៅដល់ស្នងការនគរបាលខេត្តកំពង់ឆ្នាំង មានស្នងការរងទទួលបន្ទុកព្រហ្មទណ្ឌ (ជនរងគ្រោះ មិនស្គាល់ឈ្មោះ) បានបញ្ជាឱ្យកូនចៅវាស់កំពស់ និងឃុំខ្លួនក្រុមជនរងគ្រោះ ក្នុងបន្ទប់ឃុំឃាំងចំនួន ១យប់។
នៅព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣ ស្នងការរងទទួលបន្ទុកព្រហ្មទណ្ឌ បានហៅក្រុមជនរងគ្រោះ ទៅសួរចម្លើយ និងសួរថាតើចង់បន្ដ ឬចង់ចប់ត្រឹមនេះ?
នៅពេលនោះ មាននគរបាលម្នាក់ឈ្មោះ ថា (ជាអតីតមេប៉ុស្ដិ៍នគរបាលរដ្ឋបាលត្បែងខ្ពស់) ជាកូនចៅរបស់លោកស្នងការរងទទួលបន្ទុកព្រហ្មទណ្ឌ បានគំរាមក្រុមជនងគ្រោះថា៖ មកដល់ទីនេះហើយគឺដឹងតែជាប់គុកហើយ មិនបាច់តវ៉ាស្អីទេ។ ប្រាប់ហើយថា កុំឱ្យមកៗ។
ដោយសារតែភ័យខ្លាចចំពោះការគំរាមកំហែងពី សំណាក់កូនចៅលោក ស្នងការរងទទួលបន្ទុកព្រហ្ម ទណ្ឌ ទើបក្រុមជនរងគ្រោះព្រមដកពាក្យបណ្ដឹងឈប់ប្ដឹងក្រុមជនសង្ស័យទាំង ៥នាក់លើ ដើម្បីជាថ្នូរនឹងការដោះលែងឱ្យក្រុមជនរងគ្រោះ មានសេរីភាព និងបានត្រលប់ទៅផ្ទះវិញ។
ដោយរងនូវអំពើអយុត្តិធម៌ម្ដងហើយ ម្ដងទៀត ទើបក្រុមជនរងគ្រោះ សម្រេចចិត្តរួមគ្នារៀបចំពាក្យបណ្ដឹងដាក់ចូលទំព័រ Facebook របស់ សម្ដេច ដើម្បីឱ្យជួយរកយុត្តិធម៌តែម្ដង។
ក្រុមជនរងគ្រោះបានសូមសំណូមពរឱ្យសម្ដេចក្រឡា ហោម ចាត់វិធានការផ្លូវច្បាប់លើលោក ឈ្មោះ ស សុផល នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង និងបក្ខពួក ឱ្យបានតឹងរ៉ឹងបំផុត ឱ្យសមនឹងកំហុកដែលពួកគេបានប្រព្រឹត្តមកលើពួកខ្ញុំជាប្រជាពលរដ្ឋស្លូតត្រង់ ដើម្បកុំឱ្យពួកគេ ចេះតែបំពានសិទ្ធិរបស់ប្រជាពលរដ្ឋដទៃបន្តទៅទៀត៕