Banner KNP Detail Top

ដុតបំផ្លាញចោលនៅនឹងកន្លែង ពេលចុះធ្វើការស្រាវជ្រាវ និងទប់ស្កាត់បទល្មើសនេសាទ

ដុតបំផ្លាញចោលនៅនឹងកន្លែង ពេលចុះធ្វើការស្រាវជ្រាវ និងទប់ស្កាត់បទល្មើសនេសាទ


ភ្នំពេញៈ កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣ លូស្បែមុងចំនួន ២៧ មាត់ របាំងព្រួលស្បៃមុង ប្រវែង ១.២៥០ ម៉ែត្រ បង្គោលចំរឹងចំនួន ៥៦០ ដើម ត្រូវបានក្រុមការងាររដ្ឋបាលជលផលព្រៃវែង ដុតបំផ្លាញចោលនៅនឹងកន្លែង ក្នុងពេលចុះធ្វើការស្រាវជ្រាវ និងទប់ស្កាត់បទល្មើសនេសាទ នៅក្នុងភូមិសាស្ត្រ ស្រុកពាមរក៍ និងស្រុកស្វាយអន្ទរ ។

លោក អូន ស៊ីណាត នាយខណ្ឌរដ្ឋបាលជលផលព្រៃវែង បានប្រាប់ឱ្យរស្មីកម្ពុជាដឹង នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ថា´ កាលពីថ្ងៃទី៨ ខែកុម្ភៈ ខណ្ឌរដ្ឋបាលជលផលព្រៃវែង បានដឹកនាំផ្នែករដ្ឋបាលជលផលស្ទឹងស្លូត ផ្នែករដ្ឋបាលជលផលកំពង់លាវ និងសង្កាត់ រដ្ឋបាលជលផល ក្រោមឱវាទ ចុះត្រួតពិនិត្យទប់ស្កាត់ បង្ក្រាបបទល្មើសជលផល នៅនៅចំណុចអូរថ្ងាន់ ភូមិព្រៃខ្លា ឃុំព្រៃកណ្ដៀង ស្រុកពាមរក៍ និងនៅចំណុចដើមត្នោត បីដើម ភូមិចំការកួយ ឃុំដំរីពួន ស្រុកស្វាយអន្ទរ ដោយអនុវត្តបាន ពីរករណី ពីបទនេសាទ ដោយប្រើឧបករណ៍ស្បៃមុង។
នៅក្នុងការបង្ក្រាបនេះ មិនបានរក ឃើញ ជនសង្ស័យពាក់ព័ន្ធនឹងបទល្មើសនេះទេ គឺរកឃើញតែវត្ថុតាង ហើយត្រូវបាន បំផ្លាញចោល នៅនឹងកន្លែងនេសាទ រួមមាន លូស្បែមុងចំនួន ២៧ មាត់ របាំងព្រួល ស្បៃមុង ប្រវែង ១.២៥០ ម៉ែត្រ បង្គោលចំរឹង ចំនួន ៥៦០ ដើម និងបានចាក់លែងត្រីចម្រុះ ចូលទៅក្នុងធម្មជាតិវិញ ចំនួន ២០ គីឡូក្រាម។
ស្ទើរគ្រប់បទល្មើសដាក់របាំង ដែលបានបង្ក្រាប កន្លងទៅ កម្ររកឃើញជនមានការ ពាក់ព័ន្ធណាស់ ដោយសារឧបករណ៍នេះ ជាឧបករណ៍អចល័ត ដែលគេបានដាក់ចោល ហើយយើង (ជលផល) រកទៅឃើញ ក៏ធ្វើការរុះរើចោល ទោះបីអ្នពាក់ព័ន្ធនៅជិតនឹង ក៏យើងមិនអាចឃាត់ខ្លួនគេបានដែរ ព្រោះគ្មានសកម្មភាព ពាក់ព័ន្ធជាមួយនឹងវត្ថុតាង។
លោក អូន ស៊ីណាត បាននិយាយឱ្យដឹងផងដែរថា ការចុះទប់ស្កាត់ បង្ក្រាបបទនេសាទ សព្វថ្ងៃនេះ ជួបការលំបាកខ្លាំង ដោយសារគ្មានកម្លាំងគ្រប់គ្រាន់ សម្រាប់ធ្វើការ មន្ត្រីខណ្ឌសរុបមានតែបីនាក់ ផ្នែកនីមួយៗ មានតែបីនាក់ នៅតាមសង្កាត់ ក៏មានតិច ពេលចុះធ្វើការបង្ក្រាបម្តងៗ ត្រូវប្រមូលផ្តុំកម្លាំង មកពីគ្រប់ផ្នែក និងសង្កាត់ ឱ្យចូលរួម។ ការងារបង្ក្រាប បទល្មើស សព្វថ្ងៃនេះ ធ្វើបានដោយសារមានការចូលរួម ពីសហគមន៍ និងមន្ត្រីអាជ្ញាធរមូលដ្ឋាន៕/

អត្ថបទដែលជាប់ទាក់ទង