Banner KNP Detail Top

ពលរដ្ឋជាង២៩០គ្រួសារ អះអាងថា មិនទាន់ទទួលបានយុត្តិធម៌ និងលើដៃសំពះ សុំសម្ដេចតេជោជួយ នៅខេត្តកណ្តាល

ពលរដ្ឋជាង២៩០គ្រួសារ អះអាងថា មិនទាន់ទទួលបានយុត្តិធម៌ និងលើដៃសំពះ សុំសម្ដេចតេជោជួយ នៅខេត្តកណ្តាល

កណ្ដាល ៖ នាថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ ប្រជាពលរដ្ឋជាង២៩០គ្រួសារ ដែលភាគមានវ័យចំណាស់ៗ បានមកជួបជុំគ្នាលើកបដា សុំសម្ដេចតេជោមេត្តាជួយ និងថ្លែងពីទុក្ខលំបាករបស់ពួកគាត់ ជុំវិញករណីវិវាទដីធ្លី ទំហំប្រមាណ ៤៥០ហិកតា ជាមួយក្រុមហ៊ុនហេងអភិវឌ្ឍន៍ ដែលស្ថិតក្នុង ឃុំចំនួន៣ គឺឃុំកណ្តោក ឃុំជើងកើប នៅក្នុងស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល និងសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។
ដូនចាស់បានបញ្ជាក់ថា ពួកគាត់មិនទាន់ទទួលនូវយុត្តិធម៌នៅឡើយ ករណីមានវិវាទជាមួយក្រុមហ៊ុន ហេងអភិវឌ្ឍន៍ ចាប់តាំងពីឆ្នាំ២០០៤ រហូតមកទល់បច្ចុប្បន្ន ។ ជាបន្តបន្ទាប់ ប្រជាពលរដ្ឋបានតវ៉ានិងស្វែងរកកិច្ចអន្តរាគមន៍ ពីអាជ្ញាធរជំនាញនិងដាក់ពាក្យណ្ដឹង ទៅក្រសួងនានាឱ្យជួយដោះស្រាយ រហូតឈានដល់នីតិវិធីតុលាការទៀតផង ។ ដូនចាស់ក៏បានលើកដៃសំពះសុំក្ដីមេត្តាពីសម្ដេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំនានា ជួយពន្លឿនដោះស្រាយជូនពួកគាត់ផង ព្រោះមានបញ្ហារាប់ឆ្នាំមកហើយ រកដីបង្កបង្កើនផលក៏គ្មាន ឯសំណងក៏គ្មាន ។
យោងតាមឯកសារខ្លះៗបានបង្ហាញថា នៅឆ្នាំ២០០៥ លោកស្រី សៀង ចាន់ហេង បានដាក់ពាក្យបណ្ដឹង ប្ដឹងចូលសាលាដំបូង ខេត្តកណ្តាលដោយមានកម្មវត្ថុ ប្ដឹងសុំឱ្យប្រជាពលរដ្ឋ ដែលរស់នៅលើដីកម្មសិទ្ធិរបស់ខ្លួនសព្វថ្ងៃ ឱ្យរុះរើផ្ទះសំបែងរបស់ខ្លួន ចេញដោយសំអាងថា ដីកម្មសិទ្ធិរបស់ប្រជាពលរដ្ឋនោះ ជាដីរបស់លោកស្រី សៀង ចាន់ហេង ។
ក្រោយមក សាលាដំបូងខេត្តកណ្ដាល បានធ្វើការស៊ើបអង្កេត ឃាំងម៉ត់ចត់តាមនីតិវិធី ហើយក៏បានសំរេចដែលមានប័ណ្ណសំគាល់សិទ្ធិ កាន់កាប់អចលនវត្ថុចំនួន ៤២ – ប័ណ្ណ ដោយឡែកដីពុំមានប័ណ្ណសំគាល់សិទ្ធិ ដែលប្រជាពលរដ្ឋ កំពុងកាន់កាប់សព្វថ្ងៃ ត្រូវរក្សាស្ថានភាពដើមនៅដដែល ។ បន្ទាប់មកសាលក្រមលេខ ១២ វ” ចុះថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០០៧ បានចូលស្ថាពរ ហើយត្រូវបានអយ្យការអមសាលា ដំបូងខេត្តកណ្តាល ដឹកនាំអនុវត្តនៅថ្ងៃទី ២១ ខែសីហា ឆ្នាំ២០០៧ ដោយសម្រេចប្រគល់ ដីដែលពុំមានប័ណ្ណសំគាល់ប័ណ្ណ ស្ថិតនៅឃុំ ជើងកើប និងឃុំកន្តោក ឱ្យទៅប្រជាជនគ្រប់គ្រង ។
យោងតាមការបញ្ជាក់របស់ក្រសួងយុត្តិធម៌ ចេញថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០០៩ ដោយរដ្ឋមន្រ្តី អង្គ វង្សវឌ្ឍនា គោរពជូនឯកឧត្ដម ប៊ិន ឈិន បានបង្ហាញថា វិវាទដីធ្លីរវាងប្រជាពលរដ្ឌ ២៩២គ្រួសារ និងលោកស្រី សៀង ចាន់ហេង ត្រូវបានដោះស្រាយចប់សព្វគ្រប់ ដោយសាលាដំបូងខេត្តកណ្តាលតាមរយៈសាលក្រមរដ្ឋប្បវេណី ស្ថាពរលេខ ៤០ «វ» ចុះថ្ងៃទី ០២ ខែតុលា ឆ្នាំ២០០៦ និង សាលក្រមរដ្ឋប្បវេណីស្ថាពរលេខ ១២.វ. ចុះថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០០៧ ហើយត្រូវបានដឹកនាំ អនុវត្តដោយអយ្យការ អមសាលាដំបូងខេត្តកណ្តាលនៅថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០០៧ ថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០០៧ និងថ្ងៃទី ០៣ ខែមេសា ឆ្នាំ២០០៨ ចប់សព្វគ្រប់ហើយ តែមិនទាន់មានការផ្តល់ប័ណ្ណសំគាល់សិទ្ធិកាន់កាប់ ដល់ប្រជាពលរដ្ឋ ចំពោះដីដែលប្រជាពរដ្ឋ បាន និងកំពុងកាន់កាប់ តាមការទទួលស្គាល់ នៅក្នុងសាលក្រមរដ្ឋប្បវេណីស្ថាពរ ខាងលើនៅឡើយ ។
គួរឱ្យសាលាខេត្តកណ្តាល និងសុរិយោដីខេត្តកណ្តាលរៀបចំ គណៈកម្មការធ្វើការចុះ វាស់វែងបែងចែកដីធ្លី និងចេញប័ណ្ណសំគាល់សិទ្ធិកាន់កាប់ជូនប្រជាពលរដ្ឋ នូវដីដែលទទួលស្គាល់ជា របស់ប្រជាពលរដ្ឋ តាមអំណាចសាលក្រមរដ្ឋប្បវេណីស្ថាពរលេខ ៤០ «វ» ចុះថ្ងៃទី ០២ ខែតុលា ឆ្នាំ ២០០៦ និង លេខ ១២ «វ»ចុះថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ២០០៧ របស់សាលាដំបូង ខេត្តកណ្តាល និងតាមលិខិតលេខ ១៣៥២ ស.ជ.ណ ចុះថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ២០០៧ និង លិខិតលេខ ៣០៧ ស.ជ.ណ ចុះថ្ងៃទី ២៩ ខែកុម្ភៈ ឆ្នាំ ២០០៨ របស់ក្រសួងមហាផ្ទៃ ។
ទោះជាយ៉ាងណា នេះជាសំណូមពររបស់ប្រជាពលរដ្ឋ ដែលបានបញ្ជាក់អះអាងត្រួសៗលើករណីនេះ ប្រសិនបើភាគីក្រុមហ៊ុនយល់ឃើញថា ការលើកឡើងអះអាងរបស់ពលរដ្ឋនោះ មិនទាន់មានភាពត្រឹមត្រូវ ឬខុសពីការពីការពិត អង្គភាពយើងខ្ញុំ រង់ចាំទទួលការបំភ្លឺបកស្រាយជានិច្ច ៕

អត្ថបទដែលជាប់ទាក់ទង