Banner KNP Detail Top

ការបង្កើតក្រុមប្រឹក្សាក្រមសីលធម៌សារព័ត៌មានពិតជាសំខាន់ណាស់ក្នុងការតម្រង់ទិស ដាក់ពិន័យ ក៏ដូចជាកែលម្អវិជ្ជាជីវៈសារព័ត៌មាន ជាពិសេសសម្រាប់ស្ថានភាពសារព័ត៌មានបច្ចុប្បន្ននៅកម្ពុជា

ការបង្កើតក្រុមប្រឹក្សាក្រមសីលធម៌សារព័ត៌មានពិតជាសំខាន់ណាស់ក្នុងការតម្រង់ទិស ដាក់ពិន័យ ក៏ដូចជាកែលម្អវិជ្ជាជីវៈសារព័ត៌មាន ជាពិសេសសម្រាប់ស្ថានភាពសារព័ត៌មានបច្ចុប្បន្ននៅកម្ពុជា

ភ្នំពេញ៖ ផ្តើមពីកិច្ចប្រជុំថ្ងៃនេះ គណៈកម្មាធិការនាយកអ្នកកាសែតកម្ពុជា(ក.អ.ក) បានសម្រេចបង្កើតគណៈកម្មការចំពោះកិច្ចមួយដើម្បីពិនិត្យសិក្សាស្រាវ ជ្រាវក្រមសីលធម៌ពីបណ្តាប្រទេសផ្សេងៗទៀតក្នុងតំបន់អាស៊ាននិងប្រទេសជាច្រើនទៀតដើម្បីបំពេញបន្ថែមលើក្រមសីលធម៌របស់ក្លិបអ្នកកាសែតកម្ពុជាឱ្យកាន់តែប្រសើរជាងបច្ចុប្បន្ននិងឱ្យស្របតាមការវិវត្តន៍នៃយុគសម័យឌីជីថល។នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ក.អ.ក នៅព្រឹកថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ។
គណៈកម្មាធិការនាយកនៃក្លិបអ្នកកាសែតកម្ពុជា ដឹកនាំដោយលោក ពុយ គា ត្រូវបានអនុញ្ញាតឱ្យចូលជួបសម្ដែងការគួរសម និងជូនពរឆ្នាំថ្មីឆ្នាំសាកលចំពោះឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាននាព្រឹកថ្ងៃទី២៩ខែធ្នូឆ្នាំ២០២២។ប្រធានក្លិបអ្នកកាសែតកម្ពុជា លោក ពុយ គា បានលើកឡើងអំពីលទ្ធផលនៃវេទិកានិពន្ធនាយក ដែលត្រូវបានរៀបចំកាលពីពេលថ្មីៗនេះ ជាពិសេសគម្រោងផែនការសកម្មភាពសម្រាប់ឆ្នាំថ្មី ដែលទាក់ទងនឹងការពង្រឹងសមត្ថភាពរបស់អ្នកសារព័ត៌មានកម្ពុជា(រូបថត ក.អ.ក)
សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា យោងតាមសេចក្តីថ្លែងការណ៍រួមវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាលើកទី១៩ និង អនុសាសន៍របស់ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន, នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣គណៈកម្មាធិការនាយកក្លិប អ្នកកាសែតកម្ពុជា បានបើកកិច្ចប្រជុំពិនិត្យ និងពិភាក្សាអំពីការរៀបចំបង្កើតក្រុមប្រឹក្សាក្រមសីលធម៌សារព័ត៌មានកម្ពុជា ។គណៈកម្មាធិការនាយកក.អ.កយល់ឃើញថាការបង្កើតក្រុមប្រឹក្សាក្រមសីលធម៌សារព័ត៌មានពិតជាសំខាន់ណាស់ក្នុងការ តម្រង់ទិស ដាក់ពិន័យ ក៏ដូចជាកែលម្អវិជ្ជាជីវៈសារព័ត៌មាន ជាពិសេសសម្រាប់ស្ថានភាពសារព័ត៌មានបច្ចុប្បន្ននៅកម្ពុជា។
ប្រភពដដែលបន្តថា ផ្តើមពីកិច្ចប្រជុំថ្ងៃនេះ គណៈកម្មាធិការនាយកក.អ.កបានសម្រេចបង្កើតគណៈកម្មការចំពោះកិច្ចមួយ ដើម្បីពិនិត្យ សិក្សាស្រាវជ្រាវក្រមសីលធម៌ពីបណ្តាប្រទេសផ្សេងៗទៀតក្នុងតំបន់អាស៊ាននិងប្រទេសជាច្រើនទៀតដើម្បី បំពេញ បន្ថែមលើក្រមសីលធម៌របស់ក្លិបអ្នកកាសែតកម្ពុជាឱ្យកាន់តែប្រសើរជាងបច្ចុប្បន្ន និងឱ្យស្របតាមការវិវត្តន៍នៃយុគសម័យឌីជីថល។
ដើម្បីបន្តការងារនេះឱ្យរលូននិងឱ្យមានប្រសិទ្ធភាពគណៈកម្មាធិការនាយកក៏នឹងបង្កើតគណៈកម្មការមួយទៀតដែលនឹងមានសមាសភាពចម្រុះមកពីស្ថាប័នពាក់ព័ន្ធនិងអ្នកជំនាញជាច្រើនទៀត រួមទាំងផ្នែកច្បាប់ផងដើម្បីសិក្សាលម្អិតនិងស៊ីជម្រៅមុននឹង ឈានទៅបង្កើតឱ្យចេញជារូបរាងនូវក្រុមប្រឹក្សាក្រមសីលធម៌សារព័ត៌មាន។
សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ទៀតថាក.អ.ក នឹងបង្កើតវេទិកាពិភាក្សា និងផ្សព្វផ្សាយក្រមសីលធម៌សារព័ត៌មានជាបន្តបន្ទាប់ និងជាទ្រង់ទ្រាយធំជាលើកដំបូងនៅអំឡុងដើមខែមេសាខាងមុខនេះ ដោយចាប់ផ្តើមពីសមាជិក សមាជិកា ក.អ.ក ប្រមាណជាង ៥០០នាក់ មកពី១៧២ស្ថាប័ន ដើម្បីសមាជិក សមាជិកា ក.អ.ក ទទួល បាននូវខ្លឹមសាររួមនៃក្រមសីលធម៌សារព័ត៌មាន និងជំរុញឱ្យមានការលើកម្ពស់គោរពក្រមសីលធម៌ដោយការទទួលខុសត្រូវខ្ពស់ ។
សេចក្តីប្រកាសព័ត៌មានរបស់គ.អ.ក បានបញ្ចប់ដោយបញ្ជាក់ថា គណៈកម្មាធិការនាយក ក.អ.ក សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួងព័ត៌មានដែលតែងតែ គាំទ្ររាល់គំនិតផ្តួចផ្តើមរបស់ ក.អ.ក ពិសេសគំនិតផ្តួចផ្តើមស្តីពីការបង្កើតក្រុមប្រឹក្សាក្រមសីលធម៌សារព័ត៌មាន ដើម្បីជាប្រយោជន៍របស់អ្នកសារព័ត៌មានទាំងអស់៕

អត្ថបទដែលជាប់ទាក់ទង