Banner KNP Detail Top

ពីធីសែនព្រេនឡើងអ្នកតា ឬពិធីដេញរមល់របាល (ដេញព្រាយបិសាចឧបទ្រពចង្រៃចេញពីភូមិ)

ពីធីសែនព្រេនឡើងអ្នកតា ឬពិធីដេញរមល់របាល (ដេញព្រាយបិសាចឧបទ្រពចង្រៃចេញពីភូមិ)

ខេត្តព្រះវិហារ÷ ជាមួយគ្នានេះ ក្រុមការងារនាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងតម្កល់ឯកសារ នៃអាជ្ញាធរជាតិព្រះវិហារ ប្រចាំតំបន់រមណីយដ្ឋានប្រាសាទកោះកេរ បានចុះសិក្សា និងអង្កេត នៅភូមិបុរាណចំនួន២គឺ ភូមិកោះកេរ និងភូមិសំបូរ ។ តាមការស្រាវជ្រាវ បង្ហាញថា ប្រជាជននៅទីនោះតែងតែមានការគោរពប្រតិបត្តិនូវជំនឿជីវចលរបស់ខ្លួន ក្នុងនោះមានពិធីមួយក្នុងពិធីជាច្រើនទៀត ដែលគេតែងប្រារព្ធធ្វើជារៀងរាល់ឆ្នាំក្នុងខែមាឃ គេហៅថា “ពិធីឡើងអ្នកតា” ។
ជារៀងរាល់ឆ្នាំ ពោលគឺដល់ខែមាឃ អ្នកភូមិសំបូរ និងអ្នកភូមិកោះកេរ ឋិតក្នុងឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ តែងប្រារព្វពីធីសែនព្រេនឡើងអ្នកតា ឬពិធីដេញរមល់របាល (ដេញព្រាយបិសាចឧបទ្រពចង្រៃចេញពីភូមិ) ព្រោះពួកគេគិតថា ការធ្វើ បែបនេះ បាននាំមកនូវសេចក្តីសុខ សេចក្តីចម្រើន ដល់ការរស់នៅរបស់អ្នកភូមិ និងមិនមានឧបទ្រពចង្រៃ បញ្ហាផ្សេងៗ ជំងឺកាចសាហាវរាតត្បាត ចូលភូមិឡើយ។
ពិធីឡើងអ្នកតានៅភូមិសំបូរ មានភាពស្រដៀងគ្នាទៅនិងពិធីឡើងអ្នកតានៅភូមិកោះកេរដែរ ពោលគឺមានគោលបំណងរួមដូចគ្នា ទី១ គេធ្វើឡើងដើម្បីសុំសេចក្ដី សុខក្នុងការរស់នៅ និងការប្រកបមុខរបរចិញ្ជឹមជីវិតតាមរយៈការធ្វើស្រែចម្ការឲ្យកាន់តែបានផលច្រើនពីម្ចាស់ទឹកម្ចាស់ដី (អ្នកតា) ដែលថែរក្សាក្នុងតំបន់របស់ពួកគេរស់នៅ ដែលមានកិច្ចបញ្ជាន់រូប ដើម្បីប្រាស្រ័យទាក់ទងគ្នា ជាមួយអ្នកតានិងទី២ គេធ្វើឡើងក្នុងគោល បំណងដេញនូវឧបទ្រពចង្រៃនានា ពីក្នុងសហគមន៍របស់ពួកគេរស់នៅ តាមរយៈកិច្ចមួយ ក្នុងពិធីឡើង អ្នកតានោះ ដែលគេហៅថា កិច្ចដេញរមល់របាល ឬហៅថា “កិច្ចដេញព្រាយបិសាចឧបទ្រពចង្រៃចេញពីភូមិ”។
នៅពេលខាងមុខនេះ នាយកដ្ឋានស្រាវជ្រាវ បណ្តុះ បណ្តាល និងតម្កល់ឯកសារ នៃអាជ្ញាធរជាតិព្រះវិហារ នឹងចងក្រងឯកសារប្រវត្តិនៃការធ្វើពិធីនេះ ដើម្បីផ្សព្វ ផ្សាយ ដល់មនុស្សជាតិ បានសិក្សាស្វែងយល់កាន់តែច្បាស់ ពីកេរតំណែលរបស់ដូនតា នៃជំនឿសាសនា បែបអរូបិយរបស់ប្រជាជន នៅភូមិទាំងពីរនេះ។
អាជ្ញាធរជាតិព្រះវិហារចាត់ទុកថា ការរក្សាបាននូវទំនៀម ទម្លាប់ប្រពៃណីតាំងពីដូនតា នៃពិធីឡើងអ្នកតារបស់អ្នកភូមិសំបូរ និងភូមិកោះកេរ ក្នុងតំបន់រមណីយដ្ឋានប្រាសាទកោះកេរនេះ បានជួយលើកស្ទួយវិស័យទេស ចរណ៍ នៃជំនឿសាសនាបែបអរូបិយ បានមួយផ្នែក និងជាអត្តសញ្ញាណមួយ ដែលបន្សល់ទុកតាំងពីដូនតាមក សម្រាប់កូនខ្មែរជំនាន់ក្រោយ ក៏ដូចជាមនុស្សជាតិទូទាំងសកលលោក បានដឹង និងសិក្សាស្វែងយល់ពីវប្បធម៌ ទំនៀបទម្លាប់ ប្រពៃណី សាសនារបស់ដូនតាខ្មែរកាន់តែច្បាស់៕ រូបភាព៖ក្រសួងវិប្បធម៌ វិចិត្រសិល្បៈ

អត្ថបទដែលជាប់ទាក់ទង