Banner KNP Detail Top

ឃាត់ខ្លួនជនសង្ស័យ ២នាក់ ពាក់ព័ន្ធករណីឆបោក ទឹកប្រាក់ប្រមាណ១០ម៉ឺនដុល្លារ

ឃាត់ខ្លួនជនសង្ស័យ ២នាក់ ពាក់ព័ន្ធករណីឆបោក ទឹកប្រាក់ប្រមាណ១០ម៉ឺនដុល្លារ

ភ្នំពេញ ៖ សូមជម្រាបថា តាមគេហទំព័រហ្វេសប៊ុករបស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិ បានបង្ហោះជាផ្លូវការថា កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ កម្លាំងជំនាញ នៃការិយាល័យប្រឆាំងបទល្មើសទូរគមនាគមន៍ នៃនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងដឹកនាំដោយអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ដោយក្នុងនោះម្នាក់ជាជនជាតិនីហ្សេរីយ៉ា ភេទប្រុស អាយុ៤១ឆ្នាំ និងម្នាក់ទៀតជាជនជាតិខ្មែរ ភេទស្រី អាយុ៣៩ឆ្នាំ ពាក់ព័ន្ធករណីឆបោ.កតាមបណ្ដាញទំនាក់ទំនងសង្គម ទៅលើជនរងគ្រោះម្នាក់អស់ទឹកប្រាក់ប្រមាណជាង១០ម៉ឺនដុល្លារសហរដ្ឋអាមេរិក។
ជនសង្ស័យជានារីខ្មែរនេះ មានមុខរបរជាអ្នកលក់ដូរនៅផ្សារ និងជាអ្នកដើរបញ្ចុះបញ្ចូលអ្នកជិតខាង និងអ្នកភូមិ ដើម្បីឱ្យទៅបង្កើតគណនីធនាគារផ្សេងៗ ហើយលក់គណនីធនាគារនោះមកឱ្យខ្លួន ហើយខ្លួនបានលក់បន្តទៅឱ្យជនសង្ស័យដែលជាបុរសសញ្ជាតិនីហ្សេរីយ៉ា ។ បន្ទាប់មកជនសង្ស័យដែលជាបុរសសញ្ជាតិនីហ្សេរីយ៉ា បានទិញគណនីធនាគារជាច្រើនយកមកគ្រប់គ្រង ដើម្បីជាមធ្យោបាយក្នុងការឆបោ.កជនរងគ្រោះឱ្យផ្ញើប្រាក់មកគណនីទាំងនោះ ហើយខ្លួនដកប្រាក់ទាំងនោះតាមបញ្ជរទូរ ATM ដើម្បីលាក់អត្តសញ្ញាណរបស់ខ្លួន។
ជនសង្ស័យបានបោកប្រាស់ជនរងគ្រោះជាច្រើននាក់ផ្សេងទៀត តាមរយៈរូបភាពមនោសញ្ចេតនាស្នេហាពីបរទេស ទំនាក់ទំនងពាណិជ្ជកម្ម និងទំនាក់ទំនងបញ្ញើកញ្ចប់អីវ៉ាន់ជាដើម។ បន្ទាប់មកជនសង្ស័យបានឱ្យបក្សពួកបន្លំខ្លួនជាមន្ត្រីមានសមត្ថកិច្ច ទាក់ទងមកជនរងគ្រោះថា ត្រូវបង់ថ្លៃសេវា ដើម្បីសម្រួលក្នុងការយកប្រាក់ ឬវត្ថុមានតម្លៃចេញពីច្រកទ្វារអន្តរជាតិ ដូចជាអាកាសយានដ្ឋានអន្តរជាតិសៀមរាបជាដើម។
ហើយនៅព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣ ជនសង្ស័យទាំងពីរនាក់ ត្រូវបាននាយកដ្ឋានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់។
សូមក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ឱ្យមានការប្រុងប្រយ័ត្នក្នុងការទុកចិត្តទៅលើជនមិនស្គាល់អត្តសញ្ញាណច្បាស់លាស់ ដែលសន្យាផ្ញើប្រាក់ ឬវត្ថុមានតម្លៃមកពីក្រៅប្រទេស។ បន្ថែមពីនេះ នាយកដ្ឋានសូមអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ មេត្តាកុំលក់ ឬប្រគល់ការគ្រប់គ្រងគណនីធនាគាររបស់ខ្លួនទៅឱ្យអ្នកដទៃ ព្រោះអាចប្រឈមមុខពាក់ព័ន្ធនឹងបទផ្សំគំនិត ឬផ្ដល់មធ្យោបាយឱ្យជនល្មើសប្រព្រឹត្តបទល្មើសបាន៕

អត្ថបទដែលជាប់ទាក់ទង