លោកបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការអប់រំ ជាការសំខាន់ សម្រាប់មនុស្សគ្រប់ស្រទាប់វណ្ណៈ និងគ្រប់ជាតិសាសន៍
លោកបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការអប់រំ ជាការសំខាន់ សម្រាប់មនុស្សគ្រប់ស្រទាប់វណ្ណៈ និងគ្រប់ជាតិសាសន៍
លោកបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការអប់រំ ជាការសំខាន់ សម្រាប់មនុស្សគ្រប់ស្រទាប់វណ្ណៈ និងគ្រប់ជាតិសាសន៍
ភ្នំពេញៈ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការអប់រំ ជាការសំខាន់ សម្រាប់មនុស្សគ្រប់ស្រទាប់វណ្ណៈ និងគ្រប់ជាតិសាសន៍ ព្រោះថា ធនធានមនុស្ស គឺជាមូលដ្ឋានចម្បង ដើម្បីធ្វើឱ្យប្រទេសមួយ ធ្វើដំណើរឆ្ពោះទៅការអភិវឌ្ឍ រីកចម្រើន ប្រកបដោយចីរភាព ភាពប្រកួតប្រជែង និងធានាបាននូវអធិបតេយ្យ និងភាពឯករាជ្យ ម្ចាស់ការយូរអង្វែង។ ការបញ្ជាក់នេះ ក្នុងពិធីប្រកាសសមាសភាព ក្រុមប្រឹក្សាភិបាល អាណត្តិថ្មី និងប្រគល់បណ្ណសរសើរគ្រូឆ្នើម ប្រចាំឆ្នាំ២០២២ ដល់លោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំ នៃសហព័ន្ធសេវាអប់រំនៅកម្ពុជា កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ ។
លោកបណ្ឌិត ហ៊ុន ម៉ាណែត បានបន្តថា មានទស្សនៈខ្លះ លើកទ្បើងថា ក្នុងយុគសម័យ បច្ចេកវិទ្យាទំនើប គេព្យាយាមជំរុញមនុស្ស ឱ្យធ្វើការដូចជាម៉ាស៊ីន ឬម៉ាស៊ីនអាចមាន សុភវិនិច្ឆ័យ ដូចជាមនុស្ស តែទោះជាយ៉ាងណា ការណ៍ពីរនេះ មិនអាចមានភាពប្រត្យក្ស ច្បាស់បានទ្បើយ។ កត្តាបីយ៉ាង ដែលមនុស្សអាចទទួលបាន ការបណ្តុះបណ្តាល ដើម្បីទទួលបានប្រសិទ្ធភាព ប្រហាក់ប្រហែលនឹងគ្រឿងម៉ាស៊ីន មានជាអាទិ៍៖ ១. បណ្តុះបណ្តាលមនុស្ស ឱ្យធ្វើការងារ ដោយមានភាពច្បាស់លាស់ ភាពប្រាកដប្រជា និងធានាបាននិរន្តភាព, ២. បណ្តុះបណ្តាលមនុស្ស ឱ្យចេះមានការជំរុញទឹកចិត្ត និងឯករាជ្យភាព ដោយខ្លួនឯង ក្នុងការអនុវត្តការងារ, និង ៣. បណ្តុះបណ្តាលឱ្យមានឆន្ទៈ មនសិការ ក្នុងការជួយគ្នាសម្រេចបាន នូវជោគជ័យ ក្នុងគ្រប់ភារកិច្ច ក្នុងស្មារតីប្រកួត ប្រជែងវិជ្ជមាន។ ទាំងអស់នេះ គឺអាចសម្រេចបាន តាមរយៈការអប់រំបណ្តុះបណ្តាល ទាំងជំនាញរឹង ដែលសំដៅទៅលើជំនាញឯកទេស ដូចជាវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា ។ល។ និងជំនាញទន់ ដែលសំដៅទៅលើជំនាញ ដែលទាក់ទងទៅនឹង ផ្នត់គំនិត ការជំរុញទឹកចិត្ត ការមានគុណធម៌ និងសីលធម៌ ជាដើម។ ការបណ្តុះបណ្តាល ជំនាញទាំងពីរនេះ ត្រូវមានការដើរទន្ទឹមគ្នា តាំងតែពីកម្រិតបឋមសិក្សា រហូតដល់កម្រិត មធ្យមសិក្សាទុតិយភូមិ។
លោកបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការជួយថែរក្សាអត្តសញ្ញាណជាតិខ្មែរ តាមរយៈការដាក់ការបណ្តុះបណ្តាល ភាសាខ្មែរ ជាភាសាកាតព្វកិច្ច នៅក្នុងគ្រឹះស្ថានអប់រំ ឯកជន គឺជាកត្តាអាទិភាពចម្បង។ ក្នុងន័យនេះ ការជំរុញឱ្យមានការរៀនភាសាខ្មែរ បានជ្រៅជ្រះ សម្រាប់សិស្ស ដែលមានសញ្ជាតិខ្មែរ ព្រមទាំងបញ្ចូលបន្ថែមនូវចំណេះដឹង ផ្នែកវប្បធម៌ ប្រពៃណីដ៏ល្អផូរផង់ ដែលជាតិខ្មែរយើង តែងបានប្រកាន់រៀងមក ដើម្បីធ្វើយ៉ាងណា ឱ្យកូនចៅជំនាន់ក្រោយរបស់យើង អាចរក្សាបានទាំងចំណេះដឹង និងអត្តសញ្ញាណពិតប្រាកដ របស់ខ្លួន៕