សម្រង់ប្រសាសន៍សំខាន់ៗរបស់ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ក្នុងពិធីប្រកាសសមាសភាពក្រុមប្រឹក្សាភិបាលអាណត្តិថ្មី និងប្រគល់បណ្ណសរសើរគ្រូឆ្នើមប្រចាំឆ្នាំ២០២២ ដល់លោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំ នៃសហព័ន្ធសេវាអប់រំនៅកម្ពុជា (រាជធានីភ្នំពេញ, ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣)៖
សម្រង់ប្រសាសន៍សំខាន់ៗរបស់ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ក្នុងពិធីប្រកាសសមាសភាពក្រុមប្រឹក្សាភិបាលអាណត្តិថ្មី និងប្រគល់បណ្ណសរសើរគ្រូឆ្នើមប្រចាំឆ្នាំ២០២២ ដល់លោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំ នៃសហព័ន្ធសេវាអប់រំនៅកម្ពុជា (រាជធានីភ្នំពេញ, ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣)៖
១. សូមចូលរួមអបអរសាទរជាមួយថ្នាក់ដឹកនាំទាំងអស់នៃសហព័ន្ធសេវាអប់រំនៅកម្ពុជា ដែលបានរួមគ្នាសម្រេចនូវសមិទ្ធផលជាច្រើន ចាប់តាំងពីការបង្កើតឡើងក្នុងឆ្នាំ២០២០ ជាពិសេសការបន្តផ្តល់ការគាំទ្រយ៉ាងសកម្មដល់សមាជិករបស់ខ្លួន ក៏ដូចជាការចូលរួមអនុវត្តគោលនយោបាយវិស័យអប់រំនានារបស់រាជរដ្ឋាភិបាល ។ ទន្ទឹមនឹងនេះ សូមអបអរសាទរនូវការប្រកាសសមាសភាពក្រុមប្រឹក្សាភិបាលអាណត្តិថ្មី នៃសហព័ន្ធសេវាអប់រំនៅកម្ពុជា ដែលជាតឹកតាងដ៏ត្រឹមត្រូវនៃការលូតលាស់ និងការរួបរួមគ្នាក្នុងធ្លុងសាមគ្គីជាកម្លាំងចលករតែមួយនៃវិស័យឯកជននៅក្នុងសេវាអប់រំរបស់កម្ពុជា ហើយសង្ឃឹមថា សហព័ន្ធនឹងបន្តអនុវត្តបេសកកម្មដ៏ថ្លៃថ្លារបស់ខ្លួន ក្រោមកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយនឹងរាជរដ្ឋាភិបាល ជាពិសេសក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងក្រសួង-ស្ថាប័នពាក់ព័ន្ធនានាជាបន្តបន្ទាប់ទៀត។ ជាមួយគ្នានេះដែរ ក៏សូមអបអរសាទរដល់លោកគ្រូ អ្នកគ្រូឆ្នើម ដែលបានបម្រើយ៉ាងសកម្មនៅក្នុងកិច្ចការអប់រំ និងបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា ប្រកបដោយក្តីស្រលាញ់ ការទទួលខុសត្រូវខ្ពស់ និងមនសិការវិជ្ជាជីវៈខ្ពស់ នៅក្នុងឆ្នាំសិក្សា ២០២១-២០២២ នេះ ។
២. សូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះបេសកកម្មដ៏មោះមុតរបស់សហព័ន្ធសេវាអប់រំនៅកម្ពុជា ជាពិសេសការជួយទំនុកបម្រុងដល់គ្រឹះស្ថានសិក្សាចំណេះដឹងទូទៅឯកជន ដែលជាសមាជិកឱ្យនៅបន្តមានដំណើរការប្រកបដោយនិរន្តរភាព នៅក្នុងអំឡុងវិបត្តិនៃជំងឺកូវីដ-១៩។ ទន្ទឹមនឹងនេះ ក៏សូមថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ សមាជិក-សមាជិការបស់សហព័ន្ធសេវាអប់រំនៅកម្ពុជាទាំងអស់ ដែលបានលះបង់ធនធាន រួមចំណែកជាវិភាគទានជាមួយរាជរដ្ឋាភិបាល នៅក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងកិច្ចការសង្គមផ្សេងៗ ជាពិសេស ការផ្តល់អាហារូបករណ៍ជូនដល់សិស្សក្រីក្រ និងសិស្សឆ្នើមនានានាពេលកន្លងមក។ កត្តាទាំងអស់នេះសរបញ្ជាក់ថា វិស័យឯកជនគឺជាឆ្អឹងខ្នងនៃការអភិវឌ្ឍរបស់កម្ពុជា និងជាដៃគូដ៏សំខាន់របស់រាជរដ្ឋាភិបាល ដើម្បីជំរុញការសម្រេចបាននូវប្រសិទ្ធភាពនៃការអនុវត្តគោលនយោបាយ ដូចជាគោលនយោបាយនៃវិស័យអប់រំរបស់រាជរដ្ឋាភិបាល ជាដើម ។
៣. ការអប់រំជាការសំខាន់សម្រាប់មនុស្សគ្រប់ស្រទាប់វណ្ណៈ និងគ្រប់ជាតិសាសន៍ ព្រោះថាធនធានមនុស្សគឺជាមូលដ្ឋានចម្បងដើម្បីធ្វើឱ្យប្រទេសមួយធ្វើដំណើរឆ្ពោះទៅការអភិវឌ្ឍរីកចម្រើនប្រកបដោយចីរភាព ភាពប្រកួតប្រជែង និងធានាបាននូវអធិបតេយ្យ និងភាពឯករាជ្យម្ចាស់ការយូរអង្វែង។ មានទស្សនៈខ្លះលើកទ្បើងថា ក្នុងយុគសម័យបច្ចេកវិទ្យាទំនើប គេព្យាយាមជំរុញមនុស្សឱ្យធ្វើការដូចជាម៉ាស៊ីន ឬម៉ាស៊ីនអាចមានសុភវិនិច្ឆ័យដូចជាមនុស្ស តែទោះជាយ៉ាងការណ៍ពីរនេះមិនអាចមានភាពប្រត្យក្សច្បាស់បានទ្បើយ។ កត្តាបីយ៉ាងដែលមនុស្សអាចទទួលបានការបណ្តុះបណ្តាល ដើម្បីទទួលបានប្រសិទ្ធភាពប្រហាក់ប្រហែលនឹងគ្រឿងម៉ាស៊ីន មានជាអាទិ៍៖ ១. បណ្តុះបណ្តាលមនុស្សឱ្យធ្វើការងារដោយមានភាពច្បាស់លាស់ ភាពប្រាកដប្រជា និងធានាបាននិរន្តភាព, ២. បណ្តុះបណ្តាលមនុស្សឱ្យចេះមានការជំរុញទឹកចិត្ត និងឯករាជ្យភាពដោយខ្លួនឯងក្នុងការអនុវត្តការងារ, និង ៣. បណ្តុះបណ្តាលឱ្យមានឆន្ទៈ មនសិការ ក្នុងការជួយគ្នាសម្រេចបាននូវជោគជ័យក្នុងគ្រប់ភារកិច្ចក្នុងស្មារតីប្រកួតប្រជែងវិជ្ជមាន។ ទាំងអស់នេះ គឺអាចសម្រេចបានតាមរយៈការអប់រំបណ្តុះបណ្តាល ទាំងជំនាញរឹង ដែលសំដៅទៅលើជំនាញឯកទេស ដូចជាវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា ។ល។ និងជំនាញទន់ ដែលសំដៅទៅលើជំនាញដែលទាក់ទងទៅនឹងផ្នត់គំនិត ការជំរុញទឹកចិត្ត ការមានគុណធម៌ និងសីលធម៌ ជាដើម។ ហើយការបណ្តុះបណ្តាលជំនាញទាំងពីរនេះត្រូវមានការដើរទន្ទឹមគ្នាតាំងតែពីកម្រិតបឋមសិក្សា រហូតដល់កម្រិតមធ្យមសិក្សាទុតិយភូមិ។
៤. ការជួយថែរក្សាអត្តសញ្ញាណជាតិខ្មែរតាមរយៈការដាក់ការបណ្តុះបណ្តាលភាសាខ្មែរជាភាសាកាតព្វកិច្ច នៅក្នុងគ្រឹះស្ថានអប់រំឯកជន គឺជាកត្តាអាទិភាពចម្បង។ ក្នុងន័យនេះ ការជំរុញឱ្យមានការរៀនភាសាខ្មែរបានជ្រៅជ្រះសម្រាប់សិស្សដែលមានសញ្ជាតិខ្មែរ ព្រមទាំងបញ្ចូលបន្ថែមនូវចំណេះដឹងផ្នែកវប្បធម៌ ប្រពៃណីដ៏ល្អផូរផង់ដែលជាតិខ្មែរយើងតែងបានប្រកាន់រៀងមក ដើម្បីធ្វើយ៉ាងណាឱ្យកូនចៅជំនាន់ក្រោយរបស់យើង អាចរក្សាបានទាំងចំណេះដឹង និងអត្តសញ្ញាណពិតប្រាកដរបស់ខ្លួន។