អាងខ្លួនជាកូនប្រសារមន្រ្តីនគរបាលយាមនៅតុលាការ ចង់ធ្វើបងធំប្រចាំស្រុក មានអីសមត្ថកិច្ចចាប់វាយខ្នោះ បញ្ជូនទៅតុលាការ
អាងខ្លួនជាកូនប្រសារមន្រ្តីនគរបាលយាមនៅតុលាការ ចង់ធ្វើបងធំប្រចាំស្រុក មានអីសមត្ថកិច្ចចាប់វាយខ្នោះ បញ្ជូនទៅតុលាការ
ខេត្តកំពង់ស្ពឺ៖ ករណីឃាត់ខ្លួនជនសង្ស័យនេះ បានធ្វើឡើងកាលពីល្ងាចថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ នៅចំណុចភូមិត្រាវ ឃុំទឹកល្អក់ ស្រុកគងពិសីខេត្តកំពង់ស្ពឺ ។
បុរសម្នាក់ បានធ្វើសកម្មភាពប្រេីហិង្សាដោយចេតនា ដោយវាយទៅលើជនរងគ្រោះម្នាក់បណ្ដាលឱ្យផុងចិញ្ចើមរងរបួសធ្ងន់ ហេីយត្រូវកម្លាំងសមត្ថកិច្ចនគរបាលស្រុកគងពិសី ចុះស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនយកមកសាកសួរ ដេីម្បីចាត់ការតាមច្បាប់។
ជនសង្ស័យមានឈ្មោះ វ៉ាន់ សុជាតិ ហៅហន ភេទប្រុស អាយុ25ឆ្នាំ មានទីលំនៅភូមិស្នួលជ្រុំឃុំទឹកល្អក់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។
នៅរសៀលថ្ងៃចន្ទទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ជនសង្ស័យគឺជាមុខសញ្ញាបងធំ និងជាក្មេងទំនើងប្រចាំតំបន់ ហេីយជននេះ គឺជាកូនប្រសាររបស់លោកអ៊ុក សុផាត នាយរងផ្នែកអន្តរាគមន៍នៃស្នងការដ្ឋាននគរបាលខេត្តដែលបច្ចុប្បន្នជាអ្នកយាមប្រចាំការនៅសាលាដំបូងខេត្តកំពង់ស្ពឺ ។
សូមជម្រាបថា ជននេះតែងតែបង្កអំពើហិង្សាវាយគេឯងនៅក្នុងភូមិនាពេលកន្លងមកផងដែរ។ លុះនៅថ្ងៃកេីតហេតុ ជនសង្ស័យរូបនេះ បានស្ទាក់វាយទៅលើជនរងគ្រោះឈ្មោះម៉ន ចម្រើន អាយុ ១៨ឆ្នាំ បណ្ដាលឱ្យផុងចិញ្ចើមស្តាំ ត្រូវបានសាច់ញាតិក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យនៅឯរាជធានីភ្នំពេញ ហេីយរហូតមកដល់ពេលនេះជនរងគ្រោះនៅមិនទាន់មានអាការៈធូរស្រាលនៅឡើយទេ ។
ជនសង្ស័យបានធ្វើសកម្មភាពស្ទាក់វាយជនរងគ្រោះកាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣កន្លងមក ហើយក៏រត់គេចខ្លួនបាត់ទើបតែល្ងាចថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រោយពីមានសេចក្តីរាយការណ៍ពីពលរដ្ឋល្អសមត្ថកិច្ចនគរបាលស្រុកគងពិសីក៏ចុះទៅឃាត់យកមកកសាងសំណុំរឿងបញ្ជូនទៅកាន់ការិយាល័យព្រហ្មទណ្ឌខេត្តដើម្បីបន្តនីតិវិធីច្បាប់៕