Banner KNP Detail Top

បង្ក្រាបក្រុមចោរ ២៤នាក់ ក្រោយសួរចំលើយក្រុមចោរទាំងនេះ បានឆក់ទូរស័ព្ទ និងកាបូបជិត២០ដង

បង្ក្រាបក្រុមចោរ ២៤នាក់ ក្រោយសួរចំលើយក្រុមចោរទាំងនេះ បានឆក់ទូរស័ព្ទ និងកាបូបជិត២០ដង

(ព្រះសីហនុ)៖ នេះបើតាម ឧត្ដមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ប្រាប់មកបណ្ដាញ ព័ត៌មាន នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ នគរបាលខេត្តព្រះសីហនុ បានឃាត់ខ្លួនជនសង្ស័យចំនួន ២៤នាក់ (ស្រី ៥នាក់) ពាក់ព័ន្ធនឹងបទល្មើស អំពើលួចមានស្ថានទម្ងន់ទោស (ឆក់យកទ្រព្យសម្បត្តិ) យ៉ាងសកម្មក្នុងខេត្តព្រះសីហនុ ។
លោកស្នងការ បានឲ្យដឹងថា នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ២១៖៣០នាទីយប់ មានប្រជាពលរដ្ឋប្តឹងរាយការណ៍មកថា នៅចំណុច ម្តុំកាស៊ីណូ ឆាងឆឹង ស្ថិតក្នុង ភូមិ៣ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ មានជនសង្ស័យ២នាក់ មិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូ ១គ្រឿង ម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ មិនចាំស្លាកលេខ បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ ១គ្រឿង រួចជិះរត់គេចខ្លួនបាត់ ។
បន្ទាប់ពីទទួលបានព៌ត័មានរួច កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតដល់ថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ២២៖០០នាទីយប់ កម្លាំងជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន ០៤នាក់ ភេទប្រុស ជនជាតិខ្មែរ ។ បន្ទាប់មក កម្លាំងសមត្ថកិច្ចបន្តការស្រាវជ្រាវឃាត់ខ្លួនបក្ខពួកជនសង្ស័យចំនួន ១៧នាក់ (ស្រី ៥)សរុប២១នាក់ យកមកស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធី ។
ក្នុងកិច្ចប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចធ្វើការស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យពាក់ព័ន្ធជាបន្តបន្ទាប់ សរុបចំនួន ២៤នាក់ (ស្រី ០៥នាក់) ។
តាមការបំភ្លឺរបស់ជនសង្ស័យចំនួន ២៤នាក់ បានឲ្យសមត្ថកិច្ចដឹងថា មានជនសង្ស័យចំនួន ១៦នាក់ ភេទប្រុស ជាប់ពាក់ព័ន្ធនឹងបទល្មើស អំពើលួចមានស្ថានទម្ងន់ទោស (ឆក់) យ៉ាងសកម្មក្នុងខេត្តព្រះសីហនុ ដោយបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ និងឆក់កាបូប សរុប ១៨ដង ។
សម្ភារៈវត្ថុតាងចាប់យកបាន៖
– ម៉ូតូចំនួន ៨គ្រឿង ។
– ទូរស័ព្ទដៃចំនួន ១០គ្រឿង ។
– មួកសុវត្ថិភាពចំនួន ០៨ ។
– ពូថៅ ១ដើម ។
– កាំបិតប៉័ងតោ ១ដើម ។
– ស្លាកលេខម៉ូតូ ១ផ្ទាំង ។
ក្នុងចំណោមខាងលើមានជនសង្ស័យចំនួន ២នាក់ ភេទប្រុស ពាក់ព័ន្ធនឹងបទល្មើស ទទួលផលចោរកម្ម ។
សម្ភារៈវត្ថុតាងចាប់យកបាន ទូរស័ព្ទដៃចំនួន ១២គ្រឿង (ផលនៃអំពើចោរកម្ម)។
ចំណែកជនសង្ស័យ ៦នាក់ (ស្រី ៥) ផ្សេងទៀត មិនពាក់ព័ន្ធនឹងបទល្មើសអ្វីឡើយ ។
ករណីនេះ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងបន្តនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង