Banner KNP Detail Top

បុរសម្នាក់ បេីករថយន្តធុនធំសណ្ដោងទូកុងតឺន័រយ៉ាងលឿន ជ្រុលទៅបុក

បុរសម្នាក់ បេីករថយន្តធុនធំសណ្ដោងទូកុងតឺន័រយ៉ាងលឿន ជ្រុលទៅបុកម៉ូតូពីក្រោយ ធ្វើឱ្យដួល ហើយរថយន្តបានកិនអ្នកជិះម៉ូតូ បណ្ដាលឱ្យស្លាប់ម្នាក់ និងរបួសស្រាលម្នាក់

ភ្នំពេញ ៖ នា រសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ ស្ថិតនៅតាមមហាវិថីចោមចៅ ក្នុងភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
មុនកេីតហេតុគេឃេីញស្ត្រីម្នាក់និងក្មេងស្រីម្នាក់ទៀតស្លៀកពាក់បែបសិស្សសាលា រួមដំណេីរជាមួយគ្នាដោយជិះម៉ូតូម៉ាក Zoomer-X ពណ៌ក្រហម ពាក់ផ្លាកលេខ បាត់ដំបង 1AC-9576 ធ្វេីដំណេីរតាមបណ្ដោយផ្លូវចោមចៅក្នុងទិសដៅពីលិចទៅកេីតក្នុងល្បឿនលឿនល្មម ខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តធុនធំសណ្ដោងទូកុងតឺន័រ ក្បាលពណ៌ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 3B-1611 បេីកបរដោយបុរសម្នាក់ក្នុងទិសដៅស្របគ្នាយ៉ាងលឿនទៅបុកម៉ូតូពីក្រោយឱ្យដួលរួចហើយកិនស្ត្រីជាអ្នកឌុបបណ្ដាលឱ្យស្លាប់ភ្លាមមួយរំពេច រីឯក្មេងស្រីរងរបួសស្រាល ។
ក្រោយកេីតហេតុភ្លាមៗ តៃកុងរថយន្តបង្កហេតុបានបេីកទ្វារចុះបម្រុងគេចខ្លួន តែត្រូវប្រជាពលរដ្ឋដែលនៅក្បែររកន្លែងកេីតហេតុនាំគ្នាឃាត់ប្រគល់ឱ្យសមត្ថកិច្ចយកទៅសួរនាំ និងចាត់ការតាមច្បាប់ ។ ដោយឡែកម៉ូតូនៅក្រោមរថយន្តបង្កបានរងការខូចខាតជាខ្លាំង និងត្រូវបានសមត្ថកិច្ចមូលដ្ឋានសហការជាមួយមន្ត្រីជំនាញចរាចរណ៍ធ្វេីការវាស់វែងយកទាំងរថយន្តបង្ក និងម៉ូតូរងគ្រោះទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមច្បាប់នាពេលក្រោយ ។ ចំណែកសពស្ត្រីរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វេីកំណត់ហេតុប្រគល់ឱ្យក្រុមគ្រួសារដឹកយកទៅធ្វេីបុណ្យតាមប្រពៃណី ៕

អត្ថបទដែលជាប់ទាក់ទង