Banner KNP Detail Top

បទចម្រៀង “ប្តីខ្ញុំហៅគេប្តី” របស់តារាចម្រៀងចំរើន សុភ័ក្រ កំពុងតែចាប់អង្រួនបេះដូងបុរសនារី ជាច្រើន

បទចម្រៀង “ប្តីខ្ញុំហៅគេប្តី” របស់តារាចម្រៀងចំរើន សុភ័ក្រ កំពុងតែចាប់អង្រួនបេះដូងបុរសនារី ជាច្រើន


ភ្នំពេញ៖ អ្នកទស្សនាបានលើកឡើងថា លោក ប៊ុត សារ៉ាវុធ ហាក់សម្តែងចូលរួមតួខ្លាំងក្នុងបទចម្រៀងមួយនេះ និងសម្តែងបានយ៉ាងស័ក្កិសម រហូតទស្សនិកជនថា សម្តែងចូលដល់សាច់រឿងជ្រៅ ដូចជាជីវិតពិតរបស់តារាសម្តែងរូបនេះដែរ។

បទចម្រៀង “ប្តីខ្ញុំហៅគេប្តី” របស់តារាចម្រៀងចំរើន សុភ័ក្រ កំពុងតែចាប់អង្រួនបេះដូងបុរសនារីជាច្រើន ឲ្យមកចាប់អារម្មណ៍នឹងរឿងរ៉ាវស្នេហាចម្លែកនេះ ដែលមានអ្នកចែករំលែកលើបណ្តាញសង្គហ្វេសប៊ុកច្រើនជាង១សែន ដង និងមានអ្នកចូលទស្សនាលើបណ្តាញសង្គមមួយនេះច្រើនជាង១,៤លានដងរួចមកហើយ ហើយវាក៏បានក្លាយជាវេទិកាវែកញែកខ្លាំងលើបណ្តាញបណ្តាសង្គមនានាផងដែរ។ ក្នុងនោះតារាសម្តែង ប៊ុត សារ៉ាវុធ ធ្វើឲ្យគ្រប់គ្នាសង្ស័យរឿងមួយ ថាលោកអាចនឹងមានអារម្មណ៍ស្នេហាលើចំណងភេទដូចគ្នាទៅនឹងសាច់រឿងនេះផងដែរ។
តារាសម្តែង ប៊ុត សារ៉ាវុធ ត្រូវបានទស្សនិកជនស្គាល់ច្រើនតាមរយៈការសម្តែងក្នុងភាពយន្តភាគជាច្រើនពិសេសការសម្តែងក្នុងស្នាដៃដឹកនាំរឿងរបស់លោកស្រី ពាន់ ភួងបុប្ផា ។ មិនមានតារាសម្តែងប្រុសល្បីឈ្មោះច្រើនទេដែលហ៊ានលេងឈុតឆាកឱបថើបគ្នាស្និទ្ធដូចតារាប្រុសរូបនេះនៅឡើយ បើទោះបីជាសេរីរឿងប្រភេទស្នេហាប្រុស និងប្រុស ឬ BL កំពុងតែទទួលបានការចាប់អារម្មណ៍នោះក៏ដោយ។ មុននេះបទចម្រៀង”ប្តីខ្ញុំហៅគេប្តី”របស់ផលិតកម្មហង្សមាស ច្រៀងដោយ កញ្ញា ចំរើន សុភ័ក្រ បាននិងកំពុងផ្ទុះការចាប់អារម្មណ៍ខ្លាំង។ ចាប់អារម្មណ៍ក៏ព្រោះតែសាច់រឿងប្លែក ប៉ុន្តែបានឆ្លុះបញ្ចាំងពីតថភាពក្នុងសង្គមសម័យថ្មីដែលបុរសជាប្តីលួចមានទំនាក់ទំនងស្នេហាជាមួយបុរសខាងក្រៅ។ អ្វីដែលធ្វើឲ្យទស្សនិកជនកាន់តែចាប់អារម្មណ៍នោះគឺការសម្តែងរបស់តួអង្គប្រុសស្រស់សង្ហាពីររូបគឺ លោក ប៊ុត សារ៉ាវុធ និងលោក សន ពិសិដ្ឋ ដែលត្រូវសម្តែងជាឈុតឆាកឱបថើបកៀកកើយគ្នា យ៉ាងស្អិតរមួត រហូតលេចចេញការសង្ស័យមួយពីទស្សនិកជន។

នៅមិនទាន់អាចស្វែងរកការបញ្ជាក់បាននៅឡើយទេជុំវិញការសង្ស័យរបស់ទស្សនិកជន ប៉ុន្តែបទចម្រៀងមួយនេះបាននិងកំពុងតែផ្ទុះការវែកញែកខ្លាំងទាំងនៅលើបណ្តាញសង្គមហ្វេសប៊ុក និងTik Tok ព្រោះតែរឿងនេះត្រូវបានគេទម្លាយថាបានដកស្រង់ចេញពីរឿងពិតរបស់បុរសមួយខ្លះដែលបានរៀបការមានទាំងភរិយា និងកូនហើយបែជាលួចលាក់បង្កាត់ភ្លើងស្នេហាជាមួយនឹងបុរសខាងក្រៅទៅវិញ ដែលប្លែកពីមនុស្សប្រុសមួយចំនួនធំនិយមមានស្រីកំណាន់នោះ។ អ្វីដែលធ្វើឲ្យទស្សនិកជនថាតារាសម្តែងប៊ុត សារ៉ាវុធ អាចនឹងកាន់តែសម្តែងបានសមគឺក្រោយពីទម្រង់នៃការសម្តែងស្នេហាភេទដូចគ្នា នេះគឺមិនមែនជាលើកដំបូងឡើយ ដែលមុននេះលោកធ្លាប់បានចូលរួមសម្តែងជាតួអង្គបែបនេះផងដែរ៕

អត្ថបទដែលជាប់ទាក់ទង