រយៈពេល០៣ថ្ងៃហើយ សមត្ថកិច្ចពុំទាន់មានតម្រុយពីមុខសញ្ញាជនសង្ស័យ ដែល
រយៈពេល០៣ថ្ងៃហើយ សមត្ថកិច្ចពុំទាន់មានតម្រុយពីមុខសញ្ញាជនសង្ស័យ ដែលគាស់លំនៅឋានអ្នកលក់ត្រី ចូលលួចប្រាក់អស់ច្រើនក្រាស់ក្រែល
ខេត្តបាត់ដំបង ៖ នេះបើតាមការឲ្យដឹងពីលោកអធិការស្រុក នៅថ្ងៃទី២៨ មីនា ឆ្នំា២០២៣ នេះ រយៈពេល០៣ថ្ងៃហើយ សមត្ថកិច្ចពុំទាន់មានតម្រុយពីមុខសញ្ញាជនសង្ស័យ ដែលគាស់លំនៅឋានអ្នកលក់ត្រីចូលលួចគ្រឿងអល័ង្ការ និងប្រាក់អស់ច្រើនក្រាស់ក្រែល នៅភូមិព្រែកតាច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំនៅឡើយទេ តែមន្ត្រីជំនាញកំពុងបន្តការស៊ើបអង្កេតរបស់ខ្លួននៅឡើយ ។ ពេលនេះ យើងមិនទាន់មានតម្រុយពីមុខសញ្ញាជនប្រព្រឹត្តទេ តែមន្ត្រីជំនាញបាននិងកំពុងបន្តនីតិវិធីសាកសួរគ្រួសារជនរងគ្រោះ និងសាក្សីនានានៅឡើយ ។ លោកបានប្រាប់ថា ម្ចាស់ផ្ទះពុំបានដឹងអំពីរឿងនេះទេ បើទោះជាកូនស្រីគាត់ដេកនៅក្នុងបន្ទប់ខាងក្នុងក្ដី ព្រោះគាត់បានងើបពីយប់ដឹកត្រីទៅលក់នៅឯផ្សារ តែអ្នកជិតខាងបានដឹងនៅពេលព្រឹកព្រលឹម រួចក៏ផ្ដល់ព័ត៌មានទៅម្ចាស់ផ្ទះ ទើបមានការភ្ញាក់ផ្អើលតែម្ដង។
សេចក្ដីរាយការណ៏បានឲ្យដឹងថា មានជនមិនស្គាល់មុខ បានគាស់ផ្ដាច់សោទ្វារផ្ទះមួយកន្លែង នៅភូមិព្រែកតាច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំដែលគេសន្និដ្ឋានថា អាចកើតឡើងនៅវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី២៦ មីនា ក្រោយពេលម្ចាស់ផ្ទះឈ្មោះ តឿន សាវ័ន្ត ភេទប្រុស អាយុ៥០ឆ្នាំ ជាមួយនិងភរិយាគាត់ ងើបដឹកត្រីយកទៅលក់នៅផ្សារផុតបន្តិច ខណៈកូនស្រីគាត់កំពុងដេកលក់នៅក្នុងបន្ទប់នៅឡើយ ។ តាមការស្រង់សំដីពីសមត្ថកិច្ច គឺជនរងគ្រោះមិនបានដឹងរឿងគេគាស់ផ្ទះពីដំបូងទេ ។
បាត់បង់រួមមានខ្សែកមាស០២ខ្សែទម្ងន់១, ៦តំឡឹង, ខ្សែដៃមាស០២ខ្សែទម្ងន់១, ៣តំឡឹង, ចិញ្ចៀនមាន០២វង់ទម្ងន់០៤ជី, ក្រវិលមាន០២គូទម្ងន់០២ជី និងប្រាក់ខ្មែរចំនួន៩លានរៀល ។ ប៉ុន្តែនៅមានគ្រឿងអល័ង្ការប្រាក់ខ្មែរ ប្រាក់បាត និងប្រាក់ដុល្លារមួយចំនួនទៀតដែលនៅសេសសល់ពីដៃចោរ ដែលទំនងចោររកមិនឃើញ ៕