Banner KNP Detail Top

ជនសង្ស័យ២នាក់ ត្រូវបានកម្លាំងនគរបាលចាប់ខ្លួន ករណីគប់កញ្ចក់ឡាន នៅស្រុកព្រៃនប់

ជនសង្ស័យ២នាក់ ត្រូវបានកម្លាំងនគរបាលចាប់ខ្លួន ករណីគប់កញ្ចក់ឡាន នៅស្រុកព្រៃនប់

(ព្រះសីហនុ)៖ ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានប្រាប់បណ្ដាញព័ត៌មាន ឲ្យដឹងនៅរសៀលថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣នេះថា នៅវេលាកើតហេតុខាងលើ ជនសង្ស័យចំនួន២នាក់ ជិះម៉ូតូ១គ្រឿង បានប្រើដុំថ្មគប់ទៅលើរថយន្តមួយគ្រឿង ម៉ាក Lexus RX330 ពណ៌ស ក្នុងទិសដៅផ្ទុយគ្នា បណ្តាលឲ្យបែកកញ្ចក់ខាងមុខផ្នែកខាងឆ្វេង។
ជនសង្ស័យ២នាក់ ត្រូវបានកម្លាំងស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ស្រាវជ្រាវឈានដល់ការចាប់ខ្លួន បន្ទាប់ពីពួកគេធ្វើសកម្មភាពយកដុំថ្មគប់កញ្ចក់រថយន្ដរបស់ប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវ នៅយប់ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣ ចំណុចផ្លូវចំណោទអូរត្រាវ ស្ថិតក្នុងភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ក្រោយកើតហេតុ ជនរងគ្រោះបានបន្តដំណើរទៅលំនៅដ្ឋាន នៅភូមិ៣ (ទំនប់រលក) សង្កាត់១ ក្រុងព្រះសីហនុ ដោយពុំបានប្ដឹងរាយការណ៍នោះទេ។ ពេលទៅដល់ផ្ទះគាត់ទើបគាត់ទូរ ស័ព្ទប្រចាំបញ្ជារបស់អធិការដ្ឋាន នគរបាលស្រុកព្រៃនប់ ដោយរៀបរាប់ប្រាប់ដល់សមត្ថកិច្ចថា ពេលគាត់មកដល់ចំណុចខាងលើ ក៏មានជនសង្ស័យ២នាក់ ជិះម៉ូតូ០១គ្រឿង បានធ្វើសកម្មភាពយកដុំថ្មគប់រថយន្តគាត់តែម្តង ក្រោយកើតហេតុជនបង្ករត់គេចខ្លួនបាត់។
ក្រោយទទួលបានព័ត៌មាននេះភ្លាម លោកស្នងការបានបញ្ជាឲ្យកម្លាំងអធិការដ្ឋាននគបាលស្រុកព្រៃនប់ ចុះមកសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំបិតត្រាំង បានធ្វើការស្រាវជ្រាវស្វែងរក និងនាំខ្លួនជនសង្ស័យចំនួន២នាក់ មកសាកសួរនាំ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំបិតត្រាំង តែជនទាំង២នាក់រឹងរូសមិនឆ្លើយសារភាព រហូតដល់ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៣ ទើបបានបញ្ជូនជនសង្ស័យទាំង២ មកការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ដើម្បីបន្តសាកសួរនីតិវិធីជំនាញ ទើបជនសង្ស័យទាំង២ព្រមសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពគប់ដុំថ្មទៅលើកញ្ចក់រថយន្តពិតប្រាកដមែន។
ជនសង្ស័យទាំង២ នាក់បានឆ្លើយសារភាពថា នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣ ពួកគេទាំង២នាក់បានជិះម៉ូតូចេញពីវត្តគិរីសុខារ៉ាម ស្ថិតនៅក្នុងភូមិពូធឿង ឃុំបិតត្រាំង ឆ្ពោះទៅក្រុងព្រះសីហនុ ដើម្បីតាមរកក្រុមស្ទាវមួយក្រុម ដែលបានចូលក្នុងវត្តរករឿងបង្កជម្លោះជាមួយរបស់ក្រុមខ្លួន។ ដោយជិះទៅបានប្រហែល៤០០ម៉ែត្រ ពួកគេទាំង២នាក់ បានឈប់ម៉ូតូបទជើងតូច និងបានរើសដុំថ្ម១ដុំ ដាក់នៅផ្នែកខាងមុខគៀបប្រឡោះភ្លៅ (អ្នកបើក)។
ក្រោយមកបានបន្ដដំណើរទៅមុខទៀតប្រហែល១០០ម៉ែត្រ ក៏ឃើញរថយន្តមួយគ្រឿង មានទិសដៅផ្ទុយគ្នា បានបើកភ្លើងហ្វាធ្វើឲ្យពួកគេទាំង២នាក់ពិបាកមើលផ្លូវ ពេលនោះឈ្មោះ ហេង បានបើកភ្លើងហ្វាម៉ូតូ ញាក់ចំនួន២ទៅ៣ដងដែរ ដើម្បីសុំឲ្យរថយន្តនោះទម្លាក់ភ្លើងហ្វា តែរថយន្តនោះមិនទម្លាក់ឲ្យទេ ទើបឈ្មោះ ហេង បានយកដុំថ្មដែលរើសទុកក្រវែងគប់ទៅលើរថយន្តនោះ តែម្ដងទៅ។
ប៉ុន្តែបែរជាត្រូវរថយន្តខាងក្រោយជិះទិសដៅស្របគ្នាទៅវិញ បន្ទាបពីធ្វើសម្មភាពរួចពួកគេទាំង២នាក់ ក៏បានជិះម៉ូតូរត់គេចខ្លួនទៅ តាមផ្លូវបត់ក្រុមហ៊ុនអានកូ ចុះទៅខ្មែរធ្វើបានរួចជិះទៅភូមិរបស់ខ្លួនវិញ ទើបសមត្ថកិច្ចឃាត់ខ្លួនបានតែម្ដង។
ជនសង្ស័យទាំងពីរនាក់ឈ្មោះ សោម សឿន ហៅនឿន អាយុ១៩ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ និងឈ្មោះ គន ស៊ុនហេង មុខរបរមិនពិតប្រាកដ (ជាអ្នកគប់កញ្ចក់រថយន្ត) ស្នាក់នៅភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់។ វត្ថុតាងដកហូត រួមមាន៖ ម៉ូតូ Honda Dream C125 ឆ្នាំ២០១៧ ពណ៌ខ្មៅ គ្មានផ្លាកលេខ និងគ្មានការបាំងមុខ ចំនួន១គ្រឿង, ទូរស័ព្ទចំនួន៣គ្រឿង ម៉ាកVIVO ពណ៌ខ្មៅ ១គ្រឿង, ម៉ាកLG ពណ៌ទឹកប្រាក់ ១គ្រឿង, ម៉ាក OPPO និងដុំថ្ម១ដុំ។ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ កំពុងបន្តនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង