Banner KNP Detail Top

ភ្លៀងធ្លាក់រាយប៉ាយ ក្នុងកម្រិតពីតិចដល់មធ្យម ដែលកើតមាននៅថ្ងៃទី១០ខែមករានេះ នឹងបន្តអូសបន្លាយរហូតដល់ថ្ងៃទី១២ខែមករាទើបស្បើយ

ភ្លៀងធ្លាក់រាយប៉ាយ ក្នុងកម្រិតពីតិចដល់មធ្យម ដែលកើតមាននៅថ្ងៃទី១០ខែមករានេះ នឹងបន្តអូសបន្លាយរហូតដល់ថ្ងៃទី១២ខែមករាទើបស្បើយ

ភ្នំពេញៈ នៅថ្ងៃទី១០ខែមករាឆ្នាំ២០២៣ លោក ចាន់ យុត្ថា អ្នកនាំពាក្យនិងជារដ្ឋលេខាធិការក្រសួងធនធានទឹកនិងឧតុនិយមបានប្រាប់ឱ្យដឹងថា ផ្ទៃមេឃអាប់អួរនិងមានភ្លៀងធ្លាក់រាយប៉ាយមិនស្មើក្នុងកម្រិតពីតិចទៅមធ្យមដោយសារ ឥទ្ធិពលសម្ពាធទាបរុញមកពីសមុទ្រចិនខាងត្បូងនឹងបន្តកើតមានរហូតដល់ថ្ងៃទី១២ទើបស្បើយទៅវិញ នៅពេលសម្ពាធទាបបានដើរទៅផុត។ អ្នកនាំពាក្យក្រសួងជំនាញខាងលើនិយាយឱ្យដឹងទៀតថា សម្រាប់រាជធានីភ្នំពេញនៅយប់នេះនិងថ្ងៃស្អែកនៅមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ជាពិសេសចាប់ពីត្រឹមខេត្តកំពង់ឆ្នាំងចុះទៅក្រោម(ត្បូង)។ ការធ្លាក់ភ្លៀងបន្តបន្ទាប់បែបនេះមានរហូតដល់ថ្ងៃទី១២ខែមករាទើបចុះខ្សោយទៅវិញហើយភ្លៀងមានរុញបានទៅដល់តំបន់ទំនាបកណ្តាលភាគពាយព្យ។
លោក ញ៉ាញ់ ជាបហ៊ង ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តកំពង់ស្ពឺបានប្រាប់ឱ្យថា បរិមាណទឹកភ្លៀងធ្លាក់រយៈពេល២៤ ម៉ោងត្រឹមព្រឹកថ្ងៃទី១០ខែមករាមានកម្រិតពី១ដល់១៦មីលីម៉ែត្រ។ថ្ងៃនេះផ្ទៃមេឃមានសភាពអាប់អួរ និងមានភ្លៀងធ្លាក់រាយប៉ាយគ្រប់ស្រុក គិតត្រឹមថ្ងៃត្រង់ថ្ងៃទី១០ខែមករា អាចមានកម្រិតពីតិចដល់៣០មីលីម៉ែត្រ។ ក្រសួងធនធានទឹកនិងឧតុនិយមនៅថ្ងៃទី១០ខែមករាឆ្នាំ២០២៣បានជូនដំណឹងស្តីពីការព្យាករធាតុអាកាសសម្រាប់ពីថ្ងៃទី១១ដល់ថ្ងៃទី១៧ខែមករាថាព្រះ រាជាណចក្រកម្ពុជាក្នុងរយៈពេលនេះទទួលឥទ្ធិពលទ្រនុងសម្ពាធខ្ពស់ពីប្រទេសចិន និង ខ្យល់មូសុងឦសានក្នុងកម្រិតពីខ្សោយទៅមធ្យមនាំឱ្យមានភ្លៀងធ្លាក់រាយប៉ាយដោយ អន្លើ។ ក្នុងសេចក្តីជូនដំណឹងបានសរសេរទៀតថាស្ថានភាពអាកាសធាតុបែបនេះធ្វើឲ្យតំបន់វាលទំនាបកណ្តាលមានសីតុណ្ហភាពអប្បបរមាពី២២ទៅ២៤អអ្សាសេ សីតុណ្ហភាពអតិបរមា មានពី៣០ទៅ៣២អង្សាសេ។ អាចមានភ្លៀងធ្លាក់ខ្សោយដោយអន្លើ ។ នៅតំបន់ខ្ពង់រាបមានសីតុណ្ហភាពអប្បបរមាពី១៩ទៅ២២អង្សាសេ សីតុណ្ហភាពអតិបរមាមានពី២៩ទៅ៣១អង្សាសេ ។ អាចមានភ្លៀងធ្លាក់ខ្សោយដោយអន្លើ។ធាតុអាកាសអាចចុះត្រជាក់ក្នុងកម្រិតខ្សោយមានតែនៅពេលព្រឹក ។ សម្រាប់តំបន់មាត់សមុទ្រមានសីតុណ្ហភាពអប្បបរមាពី២២ទៅ២៤អង្សាសេ សីតុណ្ហភាពអតិបរមា មានពី៣០ទៅ៣២អង្សាសេ និង អាចមានភ្លៀងធ្លាក់ខ្សោយដោយអន្លើ ៕

អត្ថបទដែលជាប់ទាក់ទង