Banner KNP Detail Top

ចាប់ខ្លួនជនសង្ស័យ៩នាក់ ជាបន្ដបន្ទាប់ ពាក់ព័ន្ធករណីលួច និងលួចដោះបង្គោលស្លាកសញ្ញាតាមដងផ្លូវ នៅព្រះសីហនុ

ចាប់ខ្លួនជនសង្ស័យ៩នាក់ ជាបន្ដបន្ទាប់ ពាក់ព័ន្ធករណីលួច និងលួចដោះបង្គោលស្លាកសញ្ញាតាមដងផ្លូវ នៅព្រះសីហនុ

(ព្រះសីហនុ)៖ ជនសង្ស័យ៤នាក់ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុកស្ទឹងហាវ ចាប់ខ្លួនបានជាបន្ដបន្ទាប់ ពាក់ព័ន្ធករណីលួចកាបូប និងលួចដោះបង្គោលស្លាកសញ្ញាសម្គាល់ផ្លូវសាធារណៈ នៅចំណុចចំការម្រេច ក្រុម៣ ភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៣។
របាយការណ៍របស់ស្នងការនគរបាលខេត្តព្រះសីហនុ ដែលបណ្ដាញព័ត៌មាន ទទួលបាននៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣នេះ បានឲ្យដឹងថា ករណីលួចកាបូប ជនរងគ្រោះឈ្មោះ ខាត់ ស្រីមុំ អាយុ៤១ឆ្នាំ ស្នាក់នៅក្រុម៣ ភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ បង្កដោយជនសង្ស័យឈ្មោះ សូ ភក្ដី ហៅក្ដី រួមនឹងបក្ខពួក។ ក្នុងថ្ងៃកើតហេតុជនសង្ស័យឈ្មោះ សូ ភក្ដី ហៅក្ដី បានចូលទៅទិញភេសជ្ជៈ និងបារី នៅតូបលក់ដូររបស់ជនរងគ្រោះ ខណៈពេលជនរងគ្រោះភ្លេចខ្លួន ជនសង្ស័យបានធ្វើសកម្មភាពឆក់យកកាបូបលុយ ហើយរត់គេចខ្លួនចូលក្នុងព្រៃបាត់។ សម្ភារៈបាត់បង់មាន កាបូបពណ៌ខ្មៅមួយ មានលុយប្រហែល៤០ម៉ឺនរៀល, អត្ដសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងកាតវ៉ាក់សាំង។
ដោយឡែក ករណីលួចដោះយកបង្គោលសា្លកសញ្ញាសម្គាល់ផ្លូវសារធារណៈ តាមបណ្ដោយវិថីសម្ដេចសង្ឃ ទេព វង្ស ទល់មុខរោងចក្រចម្រាញ់ប្រេង៧៧៧ ស្ថិតក្នុងក្រុម១ ភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ដែលបង្កឡើងដោយជនសង្ស័យឈ្មោះ គូ ទិត្យ, ឈ្មោះ សូ ភក្ដី ហៅក្ដី និងឈ្មោះ អឿន អ៊ី រួមនឹងបក្ខពួក កាលពីយប់កណ្ដាលអធ្រាត ថ្ងៃទី០១ ឆ្លងចូលថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៣។
ក្រោយកើតហេតុ ដោយមានការចង្ពុយដឹកនាំពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកស្ទឹងហាវ ឃាត់នាំខ្លួនជនសង្ស័យចំនួន០២នាក់ រួមជាមួយវត្ថុតាងដកហូតបានបញ្ជូនមកកាន់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ដើម្បីបន្ដនីតិវិធី។
ក្នុងករណីទាំងទី២នេះ សមត្ថកិច្ចជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានបន្ដសហការជា មួយកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកស្ទឹងហាវ ស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យ០២នាក់បន្ថែមទៀត។ សរុបទាំង២ករណី ឃាត់ខ្លួនជនសង្ស័យ ចំនួន០៤នាក់ រួមទាំងដកហូតវត្ថុតាងមួយចំនួន។
ក្រុមជនសង្ស័យទាំង០៤ បានសារភាពថា ពួកគេពិតជាបានប្រព្រឹត្ដបទល្មើសខាងលើប្រាកដមែន ដោយលុយដែលមានក្នុងកាបូបរបស់ជនរងគ្រោះ ពួកគេបានចាយវាយអស់ហើយ។ ចំណែកកាបូប និងប័ណ្ណផ្សេងទៀត ពួកគេយកទៅបោះចោលក្នុងព្រៃ។ ឯករណីលួចដោះបង្គោលស្លាកសញ្ញាផ្លូវសាធារណៈ ចំនួន០២ដើម គឺពួកគេធ្វើសកម្ម ភាពលួចដោះ (ដោយប្រើម៉ាឡែត) កាលពីយប់រំលងអធ្រាតថ្ងៃទី០១ ឆ្លងចូលថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៣ លុះព្រឹកឡើងពួកគេបានហៅរ៉ឺម៉កទិញអេតចាយ ដើម្បីលក់បង្គោលស្លាកសញ្ញានោះ តែអ្នកទិញមិនទទួលទិញ។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង សមត្ថកិច្ចជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ កំពុងបន្ដសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងចាត់ការបន្ដតាមនីតិវិធី។
ដោយឡែក មួយករណីផ្សេងទៀត នៅក្នុងភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ត្រង់ចំណុចផ្ទះធ្វើពិធីបុណ្យ មានករណីឆក់មួយបានកើតឡើង ពេលពិធីបុណ្យចប់ ក្នុងខណៈជនរងគ្រោះ កំពុងសម្រានលង់លក់នៅលើគ្រែ ក្រោមសំយ៉ាប់មុខផ្ទះ។ លុះដល់វេលាម៉ោងខាងលើ មានជនសង្ស័យចំនួន៥នាក់ ជិះម៉ូតូ២គ្រឿង ដោយ៤នាក់រងចាំខាងក្រៅ និងម្នាក់ បានធ្វើសកម្មភាពចូលទៅឆក់កាបូបពីដៃគាត់កំពុងដេកអោប រួចរត់ឡើងម៉ូតូជិះគេចខ្លួនបាត់។
សម្ភារៈបាត់បង់រួមមាន កាបូបពណ៌ខ្មៅមួយ មានប្រាក់ដុល្លារចំនួន១,៥០០ដុល្លារ, ប្រាក់រៀលចំនួន ៣,៣០០,០០០រៀល, ចិញ្ជៀនត្រាចំនួន១វង់ (ទម្ងន់២ជី), ទូរស័ព្ទម៉ាក OPPO ចំនួន០១គ្រឿង ពណ៌ខៀវ។
ក្រោយទទួលបានព័ត៌មាន ដោយមានបញ្ជាពីលោកស្នងការ កម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃនប់ សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំជើងគោ បានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ដោយមានការសហការពីកម្លាំងអធិការដ្ឋាននគរបាលក្រុងបូកគោ នៃស្នងការដ្ឋាននគរបាលខេត្តកំពត ទើបស្ទាក់ឃាត់បានជនសង្ស័យ៥នាក់ នៅចំណុចផ្លូវជាតិ៣ ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៥៥-១៥៦ ស្ថិតក្នុងភូមិរលួស សង្កាត់បឹងទូក ក្រុងបូកគោ ខេត្តកំពត និងរួមទាំងមធ្យោបាយធ្វើសកម្មភាព យកមកអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ដើម្បីសាកសួរតាមនិតិវីធីជំនាញ។
ក្រោយពីបានសាកសួរជនសង្ស័យ បានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពចូលដល់ក្នុងផ្ទះធ្វើពិធីបុណ្យ ហើយឆក់យកកាបូបដៃជនរងគ្រោះ កំពុងអោបសំរាន ពិតប្រាកដមែន។ ជនសង្ស័យទី១៖ឈ្មោះ នូ លីកៀន អាយុ១៤ឆ្នាំ (ជនដៃដល់), ទី២៖ឈ្មោះ សាន សុខសុី អាយុ១៨ឆ្នាំ, ទី៣៖ឈ្មោះ អេង បុត្រា អាយុ២០ឆ្នាំ, ទី៤៖ឈ្មោះ មឿន សូ អាយុ២២ឆ្នាំ និងទី៥៖ឈ្មោះ ភន រតនា អាយុ១៨ឆ្នាំ។
វត្ថុតាងត្រូវចាប់យក៖ ម៉ូតូម៉ាក Honda Dream C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ ពាក់ផ្លាកលេខព្រះសីហនុ1K-9120, ម៉ូតូម៉ាក Honda Dream C125 ពណ៌ក្រហម ស៊េរីឆ្នាំ២០២១ ពាក់ផ្លាកលេខព្រះសីហនុ1F-9472 និងទូរស័ព្ទ៥គ្រឿង។ ជនសង្ស័យរួមទាំងវត្តុតាងខាងលើ បានធ្វើការឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ដើម្បីបន្តការសាកសួរស្រាវជ្រាវតាមនីតិវិធីជំនាញ៕

អត្ថបទដែលជាប់ទាក់ទង