នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ទទួលជួបបដិសណ្ឋារកិច្ចស្វាគមន៍ចំពោះគណៈប្រតិភូបញ្ជាការដ្ឋានកងទ័ពការពារព្រំដែន នៃក្រសួងការពារប្រទេសវៀតណាម
នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ទទួលជួបបដិសណ្ឋារកិច្ចស្វាគមន៍ចំពោះគណៈប្រតិភូបញ្ជាការដ្ឋានកងទ័ពការពារព្រំដែន នៃក្រសួងការពារប្រទេសវៀតណាម
នារសៀលថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានទទួលជួបសំណេះសំណាលជាមួយគណៈប្រតិភូបញ្ជាការដ្ឋានកងទ័ពការពារព្រំដែន នៃក្រសួងការពារប្រទេស សាធារណរដ្ឋសង្គមនិយមវៀតណាម ដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ត្រី ង្វៀន ហ៊ួយភ្វឿង មេបញ្ជាការរង បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនវៀតណាម ទទួលបន្ទុកការងារភាគខាងត្បូង។
ក្នុងជំនួបនេះ ឧត្តមសេនីយ៍ត្រី ង្វៀន ហ៊ួយភ្វឿង បានថ្លែងអំណរគុណចំពោះបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យគណៈប្រតិភូបញ្ជាការដ្ឋានកងទ័ពការពារព្រំដែន នៃក្រសួងការពារប្រទេសវៀតណាម ចូលជួបសំណេះសំណាល ដើម្បីជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ ហើយក៏ស្របពេលដែលកម្ពុជាក៏កំពុងមមាញឹកត្រៀមរៀបចំធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅក្នុងខែឧសភា និងមិថុនា ផងដែរ។
ជាការឆ្លើយតប នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានសម្តែងនូវការអរគុណចំពោះទឹកចិត្ត និងកាយវិការប្រកបដោយមិត្តភាពជិតស្និទ្ធរវាងកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ និងបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនវៀតណាម ដែលស្តែងឡើងតាមរយៈការអញ្ជើញមកសាកសួរសុខទុក្ខ និងជូនពរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដូចពេលនេះ។ ទន្ទឹមនឹងនេះ នាយឧត្តមសេនីយ៍ ក៏បានវាយតម្លៃខ្ពស់ និងគាំទ្រចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងអង្គភាពទាំងពីរលើការងារជាច្រើន រួមមានជាអាទិ៍៖ ការបង្ការទប់ស្កាត់បទល្មើសឆ្លងដែនគ្រប់ប្រភេទ, ការងារខណ្ឌសីមា និងការបោះបង្គោលព្រំដែន ព្រមទាំងការសហការបង្កលក្ខណៈងាយស្រួលដល់ប្រជាជន និងប្រជាជន អាចធ្វើសកម្មភាពផ្លាស់ប្តូរសេដ្ឋកិច្ចជាមួយគ្នាទៅវិញទៅមកនៅតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរ។ ជាពិសេស ក្នុងរយៈកាលចុងក្រោយនេះ ទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងអង្គភាពទាំងពីរ ក៏បានឈានឡើងដល់កម្រិតមួយទៀត គឺការសម្រេចបាននូវការចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគី កាលពីខែកុម្ភៈ ឆ្នាំ២០២១ កន្លងទៅនេះ ដោយសព្វថ្ងៃ អនុស្សារណៈនេះ បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹង និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើការងារគ្រប់គ្រង និងការពារព្រំដែននៃប្រទេសទាំងពីរ សំដៅធានារក្សាបាននូវតំបន់ព្រំដែនប្រកបដោយសុខសន្តិភាព មិត្តភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍៕