ករណីគ្រោះថ្នាក់ចរាចរណ៍៣ករណីផ្សេងគ្នា រយៈពេល១ម៉ោង បណ្ដាលឱ្យមនុស្ស៤នាក់
ករណីគ្រោះថ្នាក់ចរាចរណ៍៣ករណីផ្សេងគ្នា រយៈពេល១ម៉ោង បណ្ដាលឱ្យមនុស្ស៤នាក់ រងរបួសធ្ងន់ស្រាល
ខេត្តស្វាយរៀង ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍៣ករណីផ្សេងគ្នា ក្នុងរយៈពេល១ម៉ោង បណ្ដាលឱ្យមនុស្ស៤នាក់រងរបួសធ្ងន់ស្រាល មូលហេតុបណ្តាលមកពីបើកបរក្នុងល្បឿនលឿន និងបើកបរក្នុងស្ថានភាពស្រវឹង។
ករណីទី១-គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តព្រូសបុ.កជាមួយរថយន្តរ៉ែងរ៉ូវើ បណ្ដាលឱ្យខូចខាតរថយន្តធ្ងន់ធ្ងរទាំងសងខាង ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៤៦នាទីយប់ថ្ងៃទី៦មេសា ឆ្នាំ២០២៤ នៅលើកំណាត់ផ្លូវជាតិលេខ១ ត្រង់ចំណុចខាងមុខកាស៊ីណីម៉ុកបាយ ស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។
មុនពេលកើតហេតុ គេឃើញរថយន្តម៉ាកព្រូស ពណ៌ស បើកបរពីទិសខាងកើតទៅលិចយ៉ាងលឿន លុះមកដល់ខាងមុខខ្លោងទ្វារកាស៊ីណូម៉ុកបាយ ក៏មានរថយន្ត១គ្រឿងម៉ាករ៉ែងរ៉ូវើ ពណ៌ខ្មៅ បើកចេញពីកាស៊ីណូ ក្នុងទិសដៅពីជើងទៅត្បូង ក្នុងបំណងឆ្លងថ្នល់ ក៏ត្រូវរថយន្តម៉ាកព្រូសបុកពេញទំហឹង បណ្ដាលឱ្យរថយន្តព្រូសខូចខាតផ្នែកខាងមុខធ្ងន់ធ្ងរចំណែករថយន្តរ៉ែងរ៉ូវើ ខូចខាតចំហៀងខាងស្តាំផ្នែកខាងមុខធ្ងន់ធ្ងរ តែសំណាងល្អ អ្នកបើកបររថយន្តប្រ៊ូសរបួសស្រាល ។
ករណីទី២-គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុកជាមួយម៉ូតូ លាន់ដូចរន្ទះ បណ្ដាលឱ្យអ្នកបើកម៉ូតូ រងរបួសទាំងសងខាងសន្លប់ស្តូកស្តឹងនៅនឹងកន្លែង ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៤៨នាទីយប់ថ្ងៃទី៦ មេសា ឆ្នាំ២០២៤ នៅលើកំណាត់ផ្លូវជាតិលេខ១ ត្រង់ចំណុចខាងមុខផ្សាររាត្រី ស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ខេត្តស្វាយរៀង ។
មូលហេតុបណ្តាលមកពីបើកបរក្នុងល្បឿនលឿន និងអត់ពាក់មួកសុវត្ថិភាព ។ បន្ទាប់មកសមត្ថកិច្ចបានមកពិនិត្យ និងធ្វើការវាស់វែង រួចហៅរថយន្តសាមុយដឹកបញ្ជូនមកមន្ទីរពេទ្យបង្អែកស្រុកប្រតិបត្តិជីភូ ដើម្បីសង្គ្រោះ ។
ករណីទី៣-គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តមួយគ្រឿងម៉ាកLexus RX330 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AP-3107 បានរេចង្កូតធ្លាក់ផ្លូវក្រឡាប់ពីបីត្រឡប់ផ្ងារជើងឡើងលើ បណ្ដាលឱ្យអ្នកបើកបររបួសធ្ងន់។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៥៨នាទីយប់ថ្ងៃទី៦មេសា នៅតាមផ្លូវក្រាលកៅស៊ូ ត្រង់ចំណុចជិតក្តោងទ្វារវត្តពោធិថ្មី ស្ថិតក្នុងភូមិពោធិថ្មី ឃុំស្វាយតាយាន ស្រុកកំពង់រោទ៌ ខេត្តស្វាយរៀង ។
មូលហេតុបណ្តាលមកពីអ្នកបើកបររថយន្តបើកបរក្នុងស្ថានភាពស្រវឹង និងបើកបរក្នុងល្បឿនលឿន គ្រប់គ្រងលែងបានក៏រចង្កូតធ្លាក់ពីលើផ្លូវក្រឡាប់ពីបីត្រឡប់ផ្ងារជើងឡើងលើតែម្ដង និងបណ្ដាលឱ្យអ្នកបើកបររងរបួសធ្ងន់ ត្រូវអ្នកភូមិនាំគ្នាគាស់យកចេញពីរថយន្តបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យជីភូ នេះសំណាងល្អមិនបង្កឱ្យគ្រោះថ្នាក់ដល់អ្នកដទៃ ៕