បុរសម្នាក់ ជិះម៉ូតូមួយគ្រឿង ជ្រុលបុករថយន្តកុងតឺន័រកំពុងឈប់លេីចំណីផ្លូវ រៀបចំទម្លាក់អីវ៉ាន់ បណ្ដាលឱ្យផុងខ្លួនជាប់ជាមួយរថយន្ត និងម៉ូតូស្លាប់ភ្លាមៗនៅនឹងកន្លែង
បុរសម្នាក់ ជិះម៉ូតូមួយគ្រឿង ជ្រុលបុករថយន្តកុងតឺន័រកំពុងឈប់លេីចំណីផ្លូវ រៀបចំទម្លាក់អីវ៉ាន់ បណ្ដាលឱ្យផុងខ្លួនជាប់ជាមួយរថយន្ត និងម៉ូតូស្លាប់ភ្លាមៗនៅនឹងកន្លែង
ភ្នំពេញ ៖ កាលពី យប់ថ្ងៃ ទី២០ ខែមករា ឆ្នាំ២០២៣ នៅតាមបណ្ដោយផ្លូវ៣១៧ កែងនិងផ្លូវ៥៧២ ស្ថិតក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
សពជនរងគ្រោះមានឈ្មោះ រ៉េន សំណាង ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរធ្វើសំណង់ ស្នាក់នៅម្ដុំផ្សារទួលសង្កែ ក្នុងសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ និងមានស្រុកកំណើត នៅឯស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
មុនកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ សណ្ដោងទូរកុងតឺន័រ ក្បាលពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខភ្នំពេញ3D-5752ធ្វើដំណើរតាមបណ្ដោយផ្លូវ៣១៧ ទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ រថយន្តខាងលេីក៏បានឈប់ចតនៅមុខឃ្លាំង ដោយមិនបានដាក់ស្លាកសញ្ញាសម្គាល់ឲ្យបានត្រឹមត្រូវនោះទេ ដោយរង់ចាំកម្មករមកទម្លាក់អីវ៉ាន់ចេញពីទូរកុងតឺន័រចូលឃ្លាំង ។ ខណៈមិនទាន់បានទម្លាក់អីវ៉ាន់ចេញពីទូកុងតឺន័រផង ស្រាប់តែមានបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមC-125 ស៊េរីឆ្នាំ 2020 ពណ៌ខ្មៅពាក់ផ្លាកលេខ ស្វាយរៀង1O-5745ធ្វើដំណើរស្របគ្នាមកពីក្រោយយ៉ាងលឿន ជ្រុលទៅបុករថយន្តកុងតឺន័រពីក្រោយពេញទំហឹងបណ្ដាលឲ្យជនរងគ្រោះបោកក្បាលនិងទូរកុងតឺន័រស្លាប់ជាប់លើម៉ូតូយ៉ាងអាណោចអាធ័ម ។
សាច់ញាតិជនរងគ្រោះបានមកដល់ក៏ស្រែកទ្រហោយំស្ទើសន្លប់បាត់បង់ស្មារតី ដោយបង្កមានការភ្ញាក់ហើយយ៉ាងខ្លាំងផងដែរ ។ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ សហការជាមួយជំនាញចរាចរណ៍ធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ។ ដោយឡែកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕