Banner KNP Detail Top

អ្នកបើកបររថយន្តដឹកដីដ៏ព្រហើនម្នាក់ នគរបាលចរាចរណ៍ប្រចាំគោលដៅតាមស្ទាក់ក្របួច.ក ជាប់ភ្លាមៗ ក្រោយពីបើករថយន្តបុកអ្នកជិះម៉ូតូ០៣នាក់ ប្ដីប្រពន្ធនិងកូន បណ្ដាលឲ្យរងរបួសធ្ងន់ និងស្រាល រួចព្យាយាមរត់គេចខ្លួន

អ្នកបើកបររថយន្តដឹកដីដ៏ព្រហើនម្នាក់ នគរបាលចរាចរណ៍ប្រចាំគោលដៅតាមស្ទាក់ក្របួច.ក ជាប់ភ្លាមៗ ក្រោយពីបើករថយន្តបុកអ្នកជិះម៉ូតូ០៣នាក់ ប្ដីប្រពន្ធនិងកូន បណ្ដាលឲ្យរងរបួសធ្ងន់ និងស្រាល រួចព្យាយាមរត់គេចខ្លួន

ខេត្តបាត់ដំបង ៖ កាលពីវេលាម៉ោងជាង១០ព្រឹកថ្ងៃទី២១ មករា ឆ្នំា២០២៣នេះ អ្នកបើកបររថយន្តដឹកដីដ៏ព្រហើនម្នាក់ ត្រូវបានកម្លាំងនគរបាលចរាចរណ៍ប្រចាំគោលដៅតាមស្ទាក់ក្របួច.កជាប់ភ្លាមៗ ក្រោយពីបើករថយន្តបុកអ្នកជិះម៉ូតូ០៣នាក់ ប្ដីប្រពន្ធនិងកូន បណ្ដាលឲ្យរងរបួសធ្ងន់ និងស្រាល ហើយព្យាយាមរត់គេចខ្លួនចោលរថយន្តពីកន្លែងកើតហេតុ នៅចំណុចខាងមុខសាលាខេត្តបាត់ដំបង។
អ្នកបើកបររថយន្តនោះឈ្មោះ ប៊ុន ធី អាយុ៣១ឆ្នាំ មុខរបរបើករថយន្តដឹកដី រស់នៅភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង។ ជននេះ បើករថយន្តដឹកដី ចង្កូតស្ដាំ ពាក់ស្លាកលេខ BB-1627 ។ អ្នកបើករថយន្តដឹកដីរូបនេះ ត្រូវកម្លាំងនគរបាលចរាចរណ៍ប្រចាំគោលដៅ នៅជិតកន្លែងកើតហេតុ តាមស្ទាក់ចាប់បានភ្លាមៗ ពេលព្យាយាមរត់គេចខ្លួនមិនទទទួលខុសត្រូវចំពោះករណីគ្រោះថ្នាក់ចរាចរណ៍ ដែលខ្លួនបើករថយន្តបុកអ្នកជិះម៉ូតូ ពេលកំពុងធ្វើដំណើរស្របទិសគ្នា បណ្ដាលឲ្យរងរបួសចំនួន០៣នាក់ (ប្ដី ប្រពន្ធ និង កូនប្រុស)។
ជនរងគ្រោះទាំង០៣នាក់ ឈ្មោះ លឿន ណាត អាយុ២៧ឆ្នាំ របួសបាក់ជើងស្ដាំ (ប្ដី) ចំណែកប្រពន្ធ និងកូនប្រុសតូច គេមិនទាន់ស្គាល់ឈ្មោះទេ តែរងរបួសស្រាល ។ បើតាមសាក្សីបានផ្ដល់ព័ត៌មានបឋមថា អ្នកបើករថយន្តដឹកដីនោះ ហាក់មិនបានបន្ថយល្បឿនទេ ពេលបើកមកដល់ចំណុចផ្លូវប្រសព្វ នៅខាងមុខសាលាខេត្ត។ រថយន្តនេះ បានបុកអ្នកជិះម៉ូតូពីក្រោយ ពេលកំពុងព្យាយាមបត់ឆ្លងស្ពានខាងមុខសាលាខេត្តដូចគ្នា។ ពេលនោះ គេឃើញអ្នកជិះទាំង០៣នាក់ ឪពុក ម្ដាយ និង កូនប្រុសតូច និង ម៉ូតូរបស់គាត់ ស្ថិតនៅក្រោមរថយន្ត ព្រោះត្រូវរថយន្តបុកសង្កត់ជាប់។ ភ្លាមៗ គេឃើញអ្នកដំណើរនិងសមត្ថកិច្ចព្យាយាមជួយទាញពួកគាត់ទាំង០៣នាក់ចេញពីក្រោមក្បាលរថយន្ត ខណៈអ្នកបើកបររថយន្តដ៏ចម្លើយនោះ បានបើកទ្វាររថយន្តចុះរត់គេចខ្លួន មិនទទូលខុសត្រូវ តែត្រូវបានកម្លាំងនគរបាលចរាចរណ៏ប្រចាំគោលដៅនៅក្បែរនោះតាមស្ទាក់ក្របួចកជាប់ភ្លាមៗដែរ ៕

អត្ថបទដែលជាប់ទាក់ទង