Banner KNP Detail Top

សូមសរសើរ! ស្ត្រីពិការភ្នែកទាំងសងខាងម្នាក់ ប្រឹងសិក្សារហូតបានជាប់ទៅរៀនយកអនុបណ្ឌិត នៅអូស្ត្រាលី

សូមសរសើរ! ស្ត្រីពិការភ្នែកទាំងសងខាងម្នាក់ ប្រឹងសិក្សារហូតបានជាប់ទៅរៀនយកអនុបណ្ឌិត នៅអូស្ត្រាលី

ស្ត្រីពិការភ្នែកទាំងសងខាងម្នាក់ ប្រឹងសិក្សារហូតបានជាប់ទៅរៀនយកអនុបណ្ឌិតនៅអូស្ត្រាលីយើងពិតជាស្ញប់ស្ញែងខ្លាំងណាស់ ចំពោះការខិតខំ និងសមត្ថភាពរបស់គាត់។ មិន ចិន្តា អាយុ៣៣ឆ្នាំ មកពីខេត្តកណ្តាល ជានារីពិការភ្នែកកម្ពុជាមួយរូប ប៉ុន្តែចិត្តរបស់លោកស្រីមិនពិការឡើយ ដោយបានតស៊ូបញ្ចប់ការសិក្សាបរិញ្ញប័ត្រនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ហើយនៅពេលនេះកំពុងតែតស៊ូជាមួយនឹងកូនស្រីវ័យ១៥ខែ បន្តការសិក្សា អនុបណ្ឌិតនៅប្រទេសអូស្ត្រាលី។
លោកស្រីបានថ្លែងប្រាប់តាមបណ្តាញទំនាក់ទំនងសង្គម ថ្មីៗនេះថា លោកស្រី កំពុងសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឬអនុបណ្ឌិតផ្នែកគោលនយោបាយ និងការអនុវត្តនៅសាកលវិទ្យាល័យក្នុងទីក្រុងអាឌីឡេត ប្រទេសអូស្ត្រាលី តាមរយៈអាហារូបករណ៍អូស្ត្រាលី។
លោកស្រី គឺជាជនពិការភ្នែកទីមួយ ដែលបានទទួលអាហារូបករណ៍មកបន្តការសិក្សាដល់កម្រិតអនុបណ្ឌិតនៅក្រៅប្រទេស។ ដោយលោកស្រីបានមកដល់ទីក្រុងអាឌីឡេត នេះតាំងតែពីខែ មិថុនា ឆ្នាំ២០២២ ហើយគ្រោងនឹងបន្តស្នាក់នៅ និងរៀននៅទីនេះរហូតដល់ប្រហែលជាពាក់កណ្តាលឆ្នាំ២០២៤ខាងមុខនេះ ជាមួយនឹងកូនស្រីម្នាក់ ខណៈស្វាមីលោកស្រី ដែលជាជនពិការភ្នែកដែរនោះកំពុងតស៊ូខិតខំរៀនភាសាអង់គ្លេស ដើម្បីមកបន្តការសិក្សាជាមួយនឹងលោកស្រីផងដែរ។
ពាក់ព័ន្ធនឹងជីវភាពរស់នៅរបស់លោកស្រីនៅអូស្ត្រាលីជាមួយនឹងកូនស្រីលោកស្រី បានឲ្យដឹងថា នៅទីនេះជនពិការនៅស្រុកគេរស់នៅដោយឯករាជ្យ រីករាយគេទៅណាក៏បានគេចង់ធ្វើអ្វីក៏បាន ជីវិតរបស់គេល្អមែនទែន ហើយលោកស្រីក៏អាចមានសមត្ថភាពធ្វើដូចជាគេ ហើយដែរ នៅពេលនេះ។
លោកស្រីបានបន្តថា ជាមួយនឹងបទពិសោធន៍ទាំងនេះអ្វីដែលចង់ធ្វើមុនគេ គឺលោកស្រីចង់បង្កើតឲ្យមានក្រុមអ្នកផ្តល់សេវាកម្មជួយជនពិការ។ លោកស្រីបានបញ្ជាក់ថា «ខ្ញុំចង់ធ្វើវាច្រើនណាស់ ប៉ុន្តែខ្ញុំគិតចំណុចមួយមុនគេខ្ញុំនឹងគិតឲ្យស៊ីជម្រៅ ដើម្បីឲ្យជនពិការភ្នែក និងជនពិការនានាអាចទៅកន្លែងសំខាន់ៗដោយមិនចាំបាច់មានជំនួយពីសាច់ញាតិ ឬក៏នរណាឡើយដូចជាទៅពេទ្យ ទៅផ្សារ។មកនៅទីនេះខ្ញុំមានឯករាជ្យ ពេលទៅស្រុកខ្មែរខ្ញុំនឹងធ្វើអ្វីគ្រប់យ៉ាង ដើម្បីឲ្យជនពិការភ្នែកដូចជា ខ្ញុំអាចរស់នៅដោយឯករាជ្យ ហើយរស់នៅដោយមិនមែនជាបន្ទុករបស់នរណាម្នាក់» ៕

អត្ថបទដែលជាប់ទាក់ទង