Banner KNP Detail Top

បុរសម្នាក់ ស្រវឹងស្រាឡេីងជោកជាំ បើករថយន្តមួយគ្រឿង បុកបង្គោលភ្លើងបំភ្លឺផ្លូវ រលេីងគល់ ធ្វើឱ្យខូចខាតអស់១ដើម

បុរសម្នាក់ ស្រវឹងស្រាឡេីងជោកជាំ បើករថយន្តមួយគ្រឿង បុកបង្គោលភ្លើងបំភ្លឺផ្លូវ រលេីងគល់ ធ្វើឱ្យខូចខាតអស់១ដើម


ភ្នំពេញ ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពី យប់ ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រ (មហាវិថីសម្ដេចតេជោ) ចម្ងាយពីភ្លើងស្តុបមែរសឺដេស១០០ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។

មុនពេលកើតហេតុ គេឃើញរថយន្តស៊េរីទំនើបម៉ាកGM ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ2BQ -8577 ធ្វើដំណើរតាមបណ្ដោយផ្លូវ៦០ម៉ែត្រក្នុងទិសដៅពីជើងទៅត្បូង ដោយល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើក៏រេចង្កូតមកខាងស្ដាំដៃជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវរលេីងគល់ខូចខាត១ដើម រីឯរថយន្តបង្កវិលមួយជុំខូចផ្នែកខាងមុខយ៉ាងដំណំ ។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះ មិនបណ្ដាលឱ្យមនុស្សណាម្នាក់រងរបួសនោះទេ ដោយគេសង្កេតឃេីញថា មានបុរសម្នាក់ជាតៃកុងរថយន្តបានបេីកទ្វារចេញមកក្រៅទាំងសភាពស្រវឹងស្រាជោកជាំតែម្ដង ។ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ និងបានទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដេីម្បីចុះមកធ្វេីការវាស់វែងយករថយន្តបង្កទៅរក្សាទុករង់ចាំដោះស្រាយតាមច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង