Banner KNP Detail Top

ឯកឧត្តម អ៊ិត សំហេង អញ្ជើញជួបសំណេះសំណាលជាមួយមន្រ្តីនៃមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី

ឯកឧត្តម អ៊ិត សំហេង អញ្ជើញជួបសំណេះសំណាលជាមួយមន្រ្តីនៃមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី

មណ្ឌលគិរី៖ នារសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្តីនៃមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី ដោយមានការចូលរួមពីសំណាក់ឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងថ្នាក់ដឹកនាំមន្ទីរតាមបណ្តាខេត្ត នៃភូមិភាគឦសាន និងមន្ត្រីរាជការជាច្រើនរូប ដែលប្រព្រឹត្តទៅនៅមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី។
ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងនូវការកោតសរសើរ ចំពោះលោក ណយ ច័ន្ទតារា ប្រធានមន្ទីរ និងមន្រ្តីនៃមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី ដែលកន្លងមកបានខិតខំបំពេញការងាររួមគ្នា សហការគ្នាបានល្អ ដើម្បីសម្រេចបាននូវសមិទ្ធផលថ្មីៗជូនអាជ្ញាធរខេត្ត ក៏ដូចជាក្រសួងបានដាក់ជូន។ ឯកឧត្តម រដ្ឋមន្រីក្រសួងការងារ បានណែនាំដល់ថ្នាក់ដឹកនាំមន្ទីរ និងមន្រ្តីក្រោមឳវាទ ត្រូវបន្តយកចិត្តទុកដាក់ឳ្យបានម៉ឹងម៉ាត់ ក្នុងការបំពេញការងារតាមតួនាទីភារកិច្ចរៀងៗខ្លួន ឱ្យបានល្អបន្ថែមទៀត ត្រូវចេះសាមគ្គីភាពផ្ទៃក្នុងឳ្យបានល្អ និងត្រូវចេះសហការជាមួយអាជ្ញាធរដែនដី មន្ទីរជំនាញពាក់ព័ន្ធ និងសមត្ថកិច្ចនានា សំដៅខិតខំចូលរួមអនុវត្តនូវតួនាទី ភារកិច្ចបម្រើប្រជាពលរដ្ឋ ជាពិសេស ការជំរុញការអនុវត្តនូវគោលនយោបាយជាតិស្តីពីមុខរបរ និងការងារ ២០១៥-២០២៥ និងគោលនយោបាយជាតិ ស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ២០១៧-២០២៥។
លោក ណយ ច័ន្ទតារា ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី ឳ្យដឹងថា យោងតាមការធ្វើជំរឿងសហគ្រាសឆ្នាំ២០២២ វិស័យកសិកម្មមានចំនួន ២៣សហគ្រាស មានសហគ្រាសធុនតូច និងមធ្យមនៅទូទាំងខេត្តសរុប ១៧៤សហគ្រាស ដែលផ្ដល់ការងារសរុប ៥.២៥៥នាក់ ស្រី ១.៩៤៨នាក់ ក្នុងនោះ មានរោងចក្រសហគ្រាសចំនួន ១៥បានប្រើប្រាស់កម្លាំងពលកម្មបរទេស និងមានកម្មករបរទេសសរុបចំនួន ២១៦នាក់ ស្រី ៣០នាក់ និងបានប្រមូលអាករសរុប ៧៧,២៤០,០០០រៀល។ មន្ទីរបានចុះធ្វើអធិការកិច្ចហត្ថពលកម្មជនបរទេសបានចំនួន ៦៣គោលដៅ ពិនិត្យឃើញកម្មករនិយោគជិត ជនបរទេសសរុបចំនួន ២៩៧នាក់ ស្រី ៣៤នាក់ មានប័ណ្ណ និងសៀវភៅការងារចំនួន ២៣៩នាក់ មានបង្កាន់ដៃចំនួន ២៨នាក់ គ្មានប័ណ្ណ និងសៀវភៅការងារ ១៨នាក់។ មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានផ្ដល់ការបណ្ដុះបណ្ដាលជំនាញបច្ចេកទេសវិជ្ជាជីវៈដល់ប្រជាពលរដ្ឋទាំងពីរភេទ មានសិក្ខាកាមសរុប ២៣៧នាក់ ស្រី ១៣១នាក់ ស្មើនឹង ១៦វគ្គ លើ ១៦ជំនាញ ក្នុងនោះ បណ្ដុះបណ្តាលវគ្គជាន់ខ្ពស់បច្ចេកទេសចំនួន ៣វគ្គ សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ ១,២,៣ ចំនួន ៣វគ្គ វគ្គសេវាកម្មជំនាញ ៦វគ្គ និងកែច្នៃម្ហូបអាហារចំនួន ៤វគ្គផងដែរ៕

អត្ថបទដែលជាប់ទាក់ទង