យុវជនម្នាក់ បានស្លាប់នៅនឹងកន្លែង ដោយសាររថយន្តបុកម៉ូតូ នៅកំពត
យុវជនម្នាក់ បានស្លាប់នៅនឹងកន្លែង ដោយសាររថយន្តបុកម៉ូតូ នៅកំពត
កំពត: ហេតុការណ៍នេះបានកើតឡើងកាលពីរសៀលថ្ងៃទី១៧ ខែកុម្ភ: ឆ្នាំ២០២៣ ស្ថិតក្នុងភូមិកំពង់ត្រាចទី១ ឃុំកំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាច។ យុវជនម្នាក់បានស្លាប់នៅនឹងកន្លែងដោយសាររថយន្តបុកម៉ូតូពេលកំពុងធ្វើដំណើរច្រាសទិសគ្នា។
លោកវរសេនីយ៍ត្រី ចែម ពិសី អធិការរងទទួលការងារចរាចរណ៍ផ្លូវគោកនៃអធិការដ្ឋានស្រុកកំពង់ត្រាចបានប្រាប់ឲ្យដឹងថា យុវជនដែលបានស្លាប់ក្នុងហេតុការណ៍ ឈ្មោះ រាម ទឿន អាយុ ២៦ឆ្នាំ មានទីលំនៅភូមិស្វាយផ្អែម ឃុំបឹងសាលាខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត។ លោកអធិការរងបានរៀបរាប់ថា កាលពីវេលាម៉ោង១ និង៣០នាទីរសៀលថ្ងៃទី១៧ ខែកុម្ភ:មានករណីគ្រោះថ្នាក់ចរាចរមួយបានកើតឡើងរវាងរថយន្ត និងម៉ូតូនៅលើផ្លូវលេខ១៣៥ ស្ថិតក្នុងភូមិកំពង់ត្រាចទី១ ឃុំកំពង់ត្រាចខាងកើតដោយរថយន្តបុកម៉ូតូពេលកំពុងធ្វើដំណើរច្រាសទិសគ្នា។ មុនគ្រោះថ្នាក់កើតឡើង គេឃើញយុវជនម្នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពត 1L-1966 មកពីទិសខាងជើង។ ស្របពេលនោះស្រាប់តែមានរថយន្តម៉ាកបុងហ្គោ BONGO ពាក់ស្លាកលេខ កណ្តាល 2A-9246 បើកមកពីមុខក្នុងល្បឿនយ៉ាងលឿន រួចបុកម៉ូតូពេញទំហឹងបណ្តាលឲ្យយុវជនរូបនោះស្លាប់នៅនឹងកន្លែងតែម្តង។ ភ្លាមៗ អ្នកបើកបរបានរត់គេចបាត់ដោយបន្សល់ទុករថយន្តនៅនឹងកន្លែងគ្រោះថ្នាក់៕