ប្លែកមែន! បុគ្គលម្នាក់ ប្រកាសដេញ
ប្លែកមែន! បុគ្គលម្នាក់ ប្រកាសដេញខ្មោច (ទីតាំងដីផ្នូរបុរាណប្រមាណ២០ផ្នូរ ដែលមានអាយុកាលប្រហែល១០០ឆ្នាំ )
ខេត្តក្រចេះ ៖ ក្រោយពីមានទទួលព័ត៌មាននេះ លោកកៅ ម៉ាឌីឡែន ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តក្រចះ និងអាជ្ញាធរក្រុងសង្កាត់ក្រគរបានចុះស្រាវជ្រាវ និងពិនិត្យមើលដល់តាំងដីកប់សពនោះផ្ទាល់ កាលពីពេលថ្មីៗកន្លងទៅនេះ ។
ទីតាំងដីផ្នូរបុរាណប្រមាណ២០ផ្នូរដែលមានអាយុកាលប្រហែល១០០ឆ្នាំ នៅក្នុងសង្កាត់ក្រគរ ក្រុងក្រចេះ ត្រូវបានបុគ្គលមួយរូបអះអាងថា ជាដីកម្មសិទ្ធិរបស់ខ្លួនស្របច្បាប់ ជូនដំណឹងទុករយៈពេលមួយឆ្នាំ ដើម្បីឲ្យគាស់យកសពចេញពីទីតាំងដីនោះ។
ក្នុងដំណើការចុះពិនិត្យមើលទីតាំងដីនេះ លោក កៅ ម៉ាឌីឡែន បានសរសេរនៅក្នុងផេកហ្វេសបុកផ្ទាល់ខ្លួនថា បញ្ហាចម្លែកមិនគួរកើតមាននៅក្នុងសង្កាត់ក្រគរគឺថា ផ្នូរបុរាណប្រមាណ២០ផ្នូរ ដែលមានអាយុកាលចន្លោះពី៧០ឆ្នាំទៅ១០០ឆ្នាំ ត្រូវបានបុគ្គលមួយរូបអះអាងថា បានកប់លើដីជាកម្មសិទ្ធិរបស់ខ្លួន ។
បុគ្គលនោះ បានចេញសេចក្តីជូនដំណឹងឲ្យគាស់យកសពចេញពីទីតាំងដីនោះក្នុងរយៈពេលមួយឆ្នាំ ខ្ញុំបានស្នើឲ្យអាជ្ញាធរដកបដាសេចក្តីជូនដំណឹងនោះចេញវិញហើយ។ នៅក្នុងបដាសេចក្តីជូនដំណឹង មានខ្លឹមសារទាំងស្រុងសូមគោរពជូនលោកចៅសង្កាត់កគរ តាមរយៈលោកមេភូមិក្រគរ ។
កម្មវត្ថុ៖ សំណើសុំឲ្យឱ្យម្ចាស់ផ្នូរសពទាំងអស់លើកសពចេញពីដីដែលមានទីតាំងនៅខាងជើងឈៀងខាងកើត សាលាបឋមសិក្សាក្រគរ ស្ថិតនៅភូមិក្រគរ សង្កាត់ក្រគរ ក្រុងក្រចេះ ខេត្តក្រចេះ។
យោង៖ ប័ណ្ណកាន់កាប់ក្បាលដី(ប្លង់រឹង) លេខ10020801-003 ចុះថ្ងៃអង្គារ ៣រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលមានម្ចាស់កម្មសិទ្ធិឈ្មោះ ង៉ែត ប៊ុនសុផានី។ សេចក្ដីដូចមានចែងក្នុងកម្មវត្ថុនិងយោងខាងលើ នាងខ្ញុំសូមគោរពជម្រាបជូនលាកចៅសង្កាត់មេត្តាជ្រាបថា៖ នាងខ្ញុំ ប៉ែត ប៊ុនសុផានី ម្ចាស់កម្មសិទ្ធិដីដែលមានប័ណ្ណកាន់កាប់(ប្លង់រឹង) លេខ 10020801-0037 ដែលមានទីតាំងឈៀង ខាងកើត សាលាបឋមសិក្សាក្រគរស្ថិតនៅភូមិក្រគរ សង្កាត់ក្រគរ ក្រុងក្រចេះ ខេត្តក្រចេះ ត្រូវបានបងប្អូនប្រជាពលរដ្ឋយកសពមកបញ្ចុះលើដីរបស់នាងខ្ញុំ ។ ដោយបច្ចុប្បន្ននេះ នាងខ្ញុំត្រូវការរើរានឈូសឆាយដីដើម្បីអាស្រ័យផល ដូច្នេះនាងខ្ញុំសុំឲ្យម្ចាស់ផ្នូរទាំងអស់ ដែលមាន នៅលើដីនាងខ្ញុំនោះ សុំធ្វើការគាស់ឬលើកសពទាំងអស់ចេញពីដីរបស់នាងខ្ញុំ ។
នាងខ្ញុំនឹងទុករយៈពេល(១)មួយឆ្នាំ ឲ្យម្ចាស់ផ្នូរធ្វើការលើកសពទាំងអស់ចេញពីដីរបស់នាងខ្ញុំ ដោយគិតចាប់តាំងពីថ្ងៃជូនដំណឹងនេះតទៅ។ ក្នុងករណីដល់ពេលកំណត់ ពុំឃើញធ្វើការរុះរើឬលើកសពចេញ នាងខ្ញុំនឹងធ្វើការឈូសឆាយដោយមិនទទួលខុសត្រូវចំពោះការប៉ះពាល់លើផ្នូរសព ដែលមិនទាន់លើកចេញនោះឡើយ ៕