មនុស្សប្រុសស្រី ២នាក់ បានស្លាប់ជាបន្តបន្ទាប់ ក្រោយ
មនុស្សប្រុសស្រី ២នាក់ បានស្លាប់ជាបន្តបន្ទាប់ ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍
ព្រះសីហនុ៖ កាលពីយប់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ មនុស្សប្រុសស្រី ពីរនាក់ បានស្លាប់ជាបន្តបន្ទាប់ ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍ នៅលើដងផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ១៩៦-១៩៧ ស្ថិតក្នុងភូមិបត់គគី ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
សមត្ថកិច្ចប៉ូលិសចរាចរណ៍ ស្រុកព្រៃនប់ បានប្រាប់ថា នារីរួមដំណើរបានស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ រីឯយុវជន ជាអ្នកបើកបរម៉ូតូ បានស្លាប់ពេល ដឹកយកទៅមន្ទីរ ពេទ្យ។ យុវជនរងគ្រោះស្លាប់ (អ្នកបើកបរម៉ូតូ) ឈ្មោះ សុទ ញ៉ុយ អាយុ ២០ ឆ្នាំ និងនារីជា អ្នករួមដំណើរ (ស្លាប់) ឈ្មោះ ស្រី នុច អាយុ ១៨ ឆ្នាំ ។ អ្នកទាំងពីរ មានទីលំនៅ បណ្តោះអាសន្ន ក្បែរតំបន់សេដ្ឋកិច្ចពិសេស ភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ចំណែក អ្នកបើកបររថយន្ត ម៉ាក Lexus 330 ពាក់ស្លាកលេខ ភ្នំពេញ 2AM 9303 ឈ្មោះ លឹម ចន្ថា ភេទប្រុស អាយុ ៥១ ឆ្នាំ មានទីលំនៅ ចំណុចកើតហេតុខាងលើ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន បង្ករសំណុំរឿង តាមផ្លូវច្បាប់។ សាកសពជនរងគ្រោះទាំងពីរ បានរក្សាទុកនៅទីតម្កល់សាកសព នៃមន្ទីរពេទ្យ បង្អែក ខេត្តព្រះសីហនុ រង់ចាំក្រុមគ្រួសារ មកទទួលយកទៅធ្វើបុណ្យ តាមប្រពៃណីយ៍។
វត្ថុតាង សមត្ថកិច្ច យកទៅរក្សាទុក នៅអធិការដ្ឋាននគរបាល ស្រុកព្រៃនប់៕