Banner KNP Detail Top

នារីម្នាក់ បានភ័យខ្លួនរហូតដល់យំ បន្ទាប់ពីបើករថយន្តស៊េរីទំនើបម៉ាកMG ទៅ

នារីម្នាក់ បានភ័យខ្លួនរហូតដល់យំ បន្ទាប់ពីបើករថយន្តស៊េរីទំនើបម៉ាកMG ទៅបុករថយន្តស៊េរីទំនេីបម៉ាកJeep ពីចំហៀង បណ្ដាលឱ្យរងការខូចខាតទាំងសងខាង


ភ្នំពេញ ៖ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អេីលកាលពី ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ ២០២៣ នៅត្រង់ចំណុចភ្លើងស្តុបបេកាសេ តាមបណ្តោយផ្លូវព្រះមុនីវង្ស កែងនឹងផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

មុនកើតហេតុគេឃើញបុរសជនជាតិចិនមួយក្រុមមានគ្នា ៥ទៅ ៦ នាក់ ជិះរថយន្តស៊េរីទំនើបម៉ាកJeep មួយគ្រឿង ពណ៌ប្រផេះ ពាក់ផ្លាកលេខភ្នំពេញ2BT-3733 ធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចភ្លើងស្តុបផ្លូវបំបែកជាបួនក៏មានរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាកMG ពណ៌ស ពាក់ផ្លាកលេខកម្ពុជា- SOVANARY បើកបរដោយនារីម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវព្រះមុនីវង្សពីជើងទៅត្បូងបានជ្រុលទៅបុករថយន្តម៉ាកJeepចំពីចំហៀងផ្នែកខាងឆ្វេងពេញទំហឹងបណ្ដាលឱ្យរងការខូចខាតរៀងៗខ្លួនយ៉ាងដំណំ។ ភ្លាមៗនោះគេឃើញនារីម្នាក់ដែលជាអ្នកបើករថយន្តម៉ាកMG មានការភិតភ័យចង់គាំងបេះដូង ត្រូវបានសាច់ញាតិបញ្ជូនទៅមន្ទីរពេទ្យ តែមួយសន្ធុះក្រោយមកក៏ឃើញនារីរូបនោះបានត្រឡប់មកកន្លែងកើតហេតុវិញ បានស្រែកយំតែម្ដង ។

សមត្ថកិច្ចមូលដ្ឋានបានសហការជាមួយសមត្ថកិច្ចជំនាញចុះមកដល់កន្លែងកើតហេតុ និងបានឱ្យភាគីទាំងពីរធ្វើការសម្របសម្រួលគ្នា។ ក្រោយមកភាគីទាំងពីរបានធ្វើការសម្របសម្រួលគ្នាមិនត្រូវទើបសមត្ថកិច្ចជំនាញធ្វើការវាស់វែងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុក រង់ចាំធ្វើការដោះស្រាយគ្នាបន្តនៅពេលក្រោយ៕

អត្ថបទដែលជាប់ទាក់ទង