Banner KNP Detail Top

ក្មួយប្រុស និងម្ដាយមីង បានស្លាប់ភ្លាមៗនៅនឹងកន្លែង នៅពេល

ក្មួយប្រុស និងម្ដាយមីង បានស្លាប់ភ្លាមៗនៅនឹងកន្លែង នៅពេលពួកគេ បានជិះម៉ូតូឌុបគ្នា ត្រូវសត្វគោ រត់ឆ្លងផ្លូវ មកបុកម៉ូតូ បណ្ដាលដួល ខ្ទាតទៅកណ្តាលផ្លូវ ហើយត្រូវរថយន្តបុកកិន

កំពង់ស្ពឺៈ ហេតុការណ៍នេះ បានកើតឡើង នៅតាមបណ្តោយផ្លូវជាតិលេខ ៥១ ចន្លោះគីឡូម៉ែត្រ លេខ១២-១៣ ស្ថិតនៅក្នុងភូមិត្រពាំងក្រសាំង ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង ៤ និង២៤នាទី ថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ ។
នគរបាលមូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះដល់ស្លាប់ ពីរនាក់នោះឈ្មោះ ហុីម គឹមស្រស់ ភេទប្រុស អាយុ ២៧ ឆ្នាំ ជាអ្នកបើកម៉ូតូនិងឈ្មោះ សេង ភុំ អាយុ ៤១ ឆ្នាំ ជាអ្នករួមដំណើរ និងត្រូវជាម្ដាយមីង របស់អ្នកបើកម៉ូតូ ទាំងពីរនាក់ មានលំនៅ នៅភូមិពោធិ៍ ឃុំសំពងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ជាមួយគ្នា ។
មុនពេលកើតហេតុ គេឃើញម៉ូតូ ម៉ាក HONDA DREAM សេ១២៥ សេរី២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CC-9619 បើកបរដោយឈ្មោះ ហុីម គឹមស្រស់ ឌុបម្តាយមីងឈ្មោះ សេង ភុំ ធ្វើដំណើរ ក្នុងទិសដៅពីខាងត្បូង ទៅខាងជើង ។ លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែ មានសត្វគោជំទង់ ១ក្បាល បានរត់មកបុកម៉ូតូជនរងគ្រោះ ដែលកំពុងបើកបរនោះ បណ្តាលឱ្យម៉ូតូដួល ខ្ទាតអ្នកបើកបរ និងអ្នករួមដំណើរ ចូលទៅក្រោមរថយន្ត ម៉ាក LEXUS ពណ៌ កាំម៉ៃ មិនចាំស្លាកលេខ អ្នកបើកបរ មិនស្គាល់អត្តសញ្ញាណ ដែលកំពុង បើកបរ ក្នុងទិសដៅស្របទិសគ្នា បណ្តាលឲ្យជនរងគ្រោះ ទាំងពីរនាក់ ស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុតែម្តង ។ ក្រោយពេលកើតហេតុភ្លាម អ្នកបើករថយន្ត បានបើក រថយន្ត បានបន្តដំណើរទៅមុខ គេចខ្លួនបាត់។
ក្រោយកើតហេតុ មន្ត្រីជំនាញ បានប្រគល់សពជនរងគ្រោះ ទាំងពីរនាក់ ជូនទៅក្រុមគ្រួសារ ដើម្បីធ្វើបុណ្យ តាមប្រពៃណី។ ចំពោះវត្ថុតាងម៉ូតូ បានយកមករក្សាទុក នៅអធិការដ្ឋាននគរបាល ស្រុកឧដុង្គ ដើម្បីស្រាវជ្រាវបន្ត៕

អត្ថបទដែលជាប់ទាក់ទង