Banner KNP Detail Top

រថយន្តដឹកស្រាបៀរកម្ពុជាមួយគ្រឿង បានរ៉េចង្កូតក្រឡាប់ធ្លាក់ចេញពីផ្លូវ បណ្តាលឱ្យ

រថយន្តដឹកស្រាបៀរកម្ពុជាមួយគ្រឿង បានរ៉េចង្កូតក្រឡាប់ធ្លាក់ចេញពីផ្លូវ បណ្តាលឱ្យអ្នកបើកបរស្លាប់នៅនឹងកន្លែងកើតហេតុ និងអ្នករួមដំណើរម្នាក់ រងរបួសធ្ងន់

ខេត្តពោធិ៍សាត់៖ កាលពីយប់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣ រថយន្តដឹកស្រាបៀរកម្ពុជាមួយគ្រឿង បានរ៉េចង្កូតក្រឡាប់ធ្លាក់ចេញពីផ្លូវ បណ្តាលឱ្យអ្នកបើកបរស្លាប់នៅនឹងកន្លែងកើតហេតុ និងអ្នករួមដំណើរម្នាក់ រងរបួសធ្ងន់ ឧបទ្ទវហេតុនេះកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ១៩៥-១៩៦ ស្ថិតនៅភូមិក្ដីឈ្នួល ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ ។
យោងតាមប្រភពព័ត៌មានពីកន្លែងកេីតហេតុ បានឱ្យដឹងថា គេឃើញមានរថយន្ដម៉ាកហ្វុយហ្សូ (FUSO) ពណ៌សលាយខៀវ ពាក់ស្លាកលេខ ចង្កូតស្ដាំ PP-0200 ដឹកស្រាបៀរកម្ពុជា បើកបរក្នុងទិសដៅពីកើតទៅលិច មកដល់ចំណុចខាងលើបានរ៉េចង្កូតមកខាងស្ដាំក្រឡាប់ធ្លាក់ចេញពីផ្លូវ បណ្តាលឲ្យអ្នកបើកបរស្លាប់នៅនឹងកន្លែងកើតហេតុ ចំណែកអ្នករួមដំណើររងរបួសធ្ងន់ ។
លោកវរសេនីយ៍ឯក នាង វុធ អធិការ នៃអធិការដ្ឋាននគរបាលស្រុកបាកាន បានបញ្ជាក់ឱ្យដឹងថា តាមការពិនិត្យនៅកន្លែងកើតហេតុ និងការផ្តល់ព័ត៌មានពីជនរងគ្រោះ មូលហេតុដែលបណ្តាលឲ្យរថយន្តក្រឡាប់ គឺអ្នកបើកបរងងុយដេក។ ជនរងគ្រោះទី១ ឈ្មោះ អ៊ិន ណាក់ ភេទប្រុស អាយុ៤០ឆ្នាំ មានស្រុកកំណើតនៅខេត្តព្រៃវែង ជាអ្នកបើកបររថយន្ត ស្លាប់នៅនឹងកន្លែងកើតហេតុ និងទី២ឈ្មោះ ឌួង ថាត់ ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិតាំងយ៉ ឃុំប្រម៉ោយ ស្រុកវាលវែង ពោធិ៍សាត់ ជាអ្នករួមដំណើរ រងរបួសធ្ងន់ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកបាកាន ។
ចំពោះសពសមត្ថកិច្ចបានទំនាក់ទំនងទៅក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី រីឯរថយន្តសមត្ថកិច្ចបានរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងជង៕

អត្ថបទដែលជាប់ទាក់ទង