សម្ដេចតេជោ ហ៊ុន សែន ប្រកាសឲ្យអ្នកដែលបានទិញសំបុត្រ ចូលទស្សនាព្រឹត្តិការណ៍ស៉ីហ្គេម ទៅប្ដូរយកលុយវិញ
សម្ដេចតេជោ ហ៊ុន សែន ប្រកាសឲ្យអ្នកដែលបានទិញសំបុត្រ ចូលទស្សនាព្រឹត្តិការណ៍ស៉ីហ្គេម ទៅប្ដូរយកលុយវិញ
(ភ្នំពេញ)៖ នេះបើតាមការឲ្យដឹងពី លោក ផៃ ស៉ីផាន រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ថ្លែងប្រាប់បណ្ដាញព័ត៌មាន ដោយដកស្រង់នូវប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ដ្រីនៅព្រឹកមិញនេះ។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣នេះ ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ដ្រី បានប្រកាសឲ្យអ្នកដែលបានទិញសំបុត្រចូលទស្សនាព្រឹត្តិការណ៍ស៉ីហ្គេម ទៅប្ដូរយកលុយមកវិញ ខណៈការចូលទស្សនានេះមិនត្រូវឲ្យមានការបង់ប្រាក់អ្វីទាំងអស់។
លោក ផៃ ស៉ីផាន បានថ្លែងយ៉ាងដូច្នេះថា «ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ដ្រី សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសប្រាប់ដល់អ្នកដែលបានទិញសំបុត្រចូលទស្សនាព្រឹត្តិការណ៍ប្រកួតកីឡាស៉ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនោះ ឲ្យយកសំបុត្រទៅប្ដូរយកប្រាក់មកវិញ។ ហើយអ្នកដែលលក់សំបុត្រត្រូវទទួលខុសត្រូវ សងលុយជូនប្រជាពលរដ្ឋវិញ»។
សូមរំលឹកថា នៅថ្ងៃទី៣០ ខែមីនាម្សិលមិញ សម្តេចតេជោ ហ៊ុន សែន ទើបនឹងប្រកាសលុបចោលការយកថ្លៃសំបុត្រសម្រាប់ការចូលទស្សនាគ្រប់វិញ្ញាសារប្រកួតទាំងអស់។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានសម្តែងការប្រតិកម្មជាខ្លាំងចំពោះការលក់សំបុត្រនេះ។ សម្តេចតេជោ បានចាត់ទុកទង្វើនេះ ជាការបំផ្លាញនូវកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការរៀបចំព្រឹត្តិការណ៍នេះ។
ជាមួយគ្នានេះ គណៈកម្មាធិការជាតិ រៀបចំការប្រកួតកីឡាអាស៉ីអាគ្នេយ៍ លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣នេះ បានចេញសេចក្តីជូនដំណឹងជាផ្លូវការ ពីការអនុញ្ញាតឲ្យចូលទស្សនាការប្រកួត និងផ្តល់សិទ្ធិផ្សព្វផ្សាយ ដោយមិនគិតថ្លៃ។
សេចក្តីជូនដំណឹងបញ្ជាក់ថា អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិ រៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ សូមជម្រាបជូនសាធារណជនជាតិ និងអន្តរជាតិ មេត្តាជ្រាបថា រាជរដ្ឋាភិបាល បានសម្រេចក្នុងកិច្ចប្រជុំពេញ អង្គគណៈរដ្ឋមន្ត្រី នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ដូចតទៅ៖
១៖ ការចូលទស្សនាព្រឹត្តិការណ៍បើក-បិទ និងការប្រកួតគ្រប់ប្រភេទកីឡាទាំងអស់ ក្នុងព្រឹត្តិការណ៍ SEA Games-ASEAN Para Games ឆ្នាំ២០២៣ គឺត្រូវបានអនុញ្ញាតឱ្យចូលទស្សនា ដោយឥតគិតថ្លៃ ដោយមិនមានការលក់សំបុត្រទាំងភ្ញៀវជាតិ-អន្តរជាតិ។
២៖ ជាមួយគ្នានេះ រាជរដ្ឋាភិបាល ក៏បានអនុញ្ញាតមិនយកថ្លៃ ចំពោះការផ្តល់សិទ្ធិផ្សព្វផ្សាយព័ត៌មានកីឡាទាំងក្នុង និងក្រៅប្រទេស។
ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនាព្រឹកថ្ងៃសុក្រ ទី៣១ ខែមីនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានសម្រេចមិនឲ្យយកលុយសម្រាប់ការផ្សាយបន្តទៅក្រៅប្រទេស ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ នៅកម្ពុជាផងដែរ៕