ស្អែកនេះ! ក្រសួងការពាជាតិ នឹងរៀបចំការទទួលពិធីដង្ហែព្រះអគ្គិជ័យកីឡា
ស្អែកនេះ! ក្រសួងការពាជាតិ នឹងរៀបចំការទទួលពិធីដង្ហែព្រះអគ្គិជ័យកីឡា
(ភ្នំពេញ)៖ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ ស្អែកនេះ ក្រសួងការពាជាតិនឹងរៀបចំការទទួលពិធីដង្ហែព្រះអគ្គិជ័យកីឡា នៅមុខក្រសួងការពារជាតិ។
ការទទួលធ្វើពិធីដង្ហែព្រះអគ្គិជ័យកីឡានេះធ្វើឡើងក្រោមអធិបតិភាព លោកស្រីនាយឧត្តមសេនីយ៍ ដាំ ដារ៉ានី រដ្ឋលេខាធិការ ក្រសួងការពារជាតិ មានកីឡាកងយោធពលខេមរភូមិន្ទចំនួន៤៤នាក់ រួមជាមួយនឹងមហាជនមួយចំនួនទៀតរត់អមភ្លើងគប់ និងនាយទាហានចំនួន៣០០នាក់ ឈរអបអរសាទរតាមដងផ្លូវពីអគ្គបញ្ជាការដ្ឋាន រហូតដល់ក្តាន់២ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ជិតទីស្តីការគណៈរដ្ឋមន្រ្តី។
សូមជម្រាបថា ព្រះអគ្គីជ័យកីឡា (ភ្លើងគប់) ត្រូវបានដង្ហែចូលដល់ប្រទេសកម្ពុជាវិញកាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ ដែលជាទីតាំងប្រកួតកីឡា SEA Games និង ASEAN Para Games ក្រោយពិធីដង្ហែទៅបណ្តាប្រទេសស្ថិតនៅតំបន់អាស៊ីអាគ្នេយ៍ក្នុងរយៈពេលជាង ១ខែមកនេះ ពោលគឺចាប់ពីថ្ងៃទី២២ ខែមីនា ដល់ថ្ងៃទី២៧ ខែមេសា។
យោងតាមតារាងកម្មវិធី ដែលបណ្តាញ ទទួលបានឲ្យដឹងថា នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ០៦៖៤៥នាទីល្ងាចនេះ នឹងមានពិធីទទួលព្រះអគ្គិជ័យកីទ្បា នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ ដង្ហែទៅវត្តលង្កាព្រះកុសុមារាម។ បន្ថែមលើនេះ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ០៦៖០០នាទីព្រឹក នឹងមានពិធីរត់ដង្ហែព្រះអគ្គិជ័យកីទ្បា នៅមុខស្ថានទូតសិង្ហបុរី ដង្ហែទៅមុខអង្គភាពប្រឆាំងអំពើពុករលួយ។
សូមរំលឹកផងថា ព្រះអគ្គិជ័យកីឡា បានចាប់ផ្ដើមធ្វើពិធីដង្ហែទៅកាន់បណ្ដាប្រទេសអាស៊ីអាគ្នេយ៍ និងទីម័រខាងកើត មានរយៈពេលជាង ១ខែ ពោលគឺចាប់ពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ ដល់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ ដោយមានការចូលរួមពីបេសកជនពិសេសតំណាងគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ សហការជាមួយស្ថានទូត និងស្ថានតំណាងនៃកម្ពុជា ប្រចាំប្រទេសនានា។
ក្រោយចាកចេញពីមាតុភូមិ ប្រតិភូពិសេសកម្ពុជាបានរៀបចំពិធីដង្ហែព្រះអគ្គិជ័យកីឡា កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដោយជោគជ័យ និងទទួលបានការគាំទ្រ យ៉ាងផុសផុលជាបន្ដបន្ទាប់ក្នុងការដង្ហែទៅប្រទេសវៀតណាម, ហ្វីលីពីន, ឥណ្ឌូនេស៊ី, ទីម័រខាងកើត, ម៉ាឡេស៊ី, សិង្ហបុរី, ថៃ, មីយ៉ាន់ម៉ា និងឡាវ ជាប្រទេសចុងក្រោយ៕