Banner KNP Detail Top

ជម្រុញទេសចរមកទស្សនាកម្សាន្តនៅតាមបណ្តាកោះនៅខេត្តព្រះសីហនុ កម្ពុជាគ្រោងនឹងរៀបចំសារមន្ទីរសង្គ្រាមបាតសមុទ្រ ដើម្បី

ជម្រុញទេសចរមកទស្សនាកម្សាន្តនៅតាមបណ្តាកោះនៅខេត្តព្រះសីហនុ កម្ពុជាគ្រោងនឹងរៀបចំសារមន្ទីរសង្គ្រាមបាតសមុទ្រ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិទៅកម្សាន្ត និងមុជទឹកមើលបាតសមុទ្រកម្ពុជា


ខេត្តព្រះសីហនុ ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅក្នុងសន្និសីទកាសែតរួមគ្នាមួយជាមួយរដ្ឋមន្ត្រីក្រសួងទេសចរណ៍លើកោះក្របី នៅលើកោះក្របី ថ្ងៃទី២៦ ខែមេសា ឆ្នំា២០២៣នេះ បានលើកឡើងថា ក្នុងខេត្តព្រះសីហនុមានកោះទាំងអស់ចំនួន ៣២កោះ ដែលមានសក្តានុពលរមណីយដ្ឋានទេសចរណ៍សម្រាប់ភ្ញៀវជាតិ និងអន្តរជាតិ ជាពិសេសឆ្នេរខ្សាច់របស់កម្ពុជាពិតជាមានភាពស្រស់ស្អាត និងធនធានធម្មជាតិច្រើនទៀត។
កោះដែលកំពុងតែមានការទាក់ទាញនិងចាប់អារម្មណ៍យ៉ាងច្រើនពីភ្ញៀវទេសចរនៅពេលបច្ចុប្បន្ននេះ គឺកោះក្របី កោះឫស្សី កោះសង្សារ កោះរ៉ុង កោះរ៉ុងសន្លឹម ជាដើម ដែលកោះទាំងនេះមានការអភិវឌ្ឍរួចហើយ និងមានភាពល្បីល្បាញខ្លាំង។


លោក គួច ចំរើន បានថ្លែងថា «សកម្មភាពនៃការអភិឌ្ឍនៅលើកោះទាំងអស់ហ្នឹងគឺបានផ្តល់ឱ្យបងប្អូនប្រជាពលរដ្ឋបានរស់នៅ ធ្វើការវិនិយោគ ប្រកបរបរខាងវិស័យទេសចរណ៍ផង ធ្វើនេសាទបានផង ហើយការវិនិយោគក៏បានផ្តល់កន្លែងការងារយ៉ាងច្រើនបន្តបន្ទាប់ឱ្យទៅបងប្អូនរបស់យើងដែលស្វែងរកការងារធ្វើ រួមទាំងមានការទាក់ទាញអ្នកវិនិយោគមកពីបរទេសផងដែរ»។
រដ្ឋបាលខេត្តព្រះសីហនុបានលើកទឹកចិត្តឱ្យយុវជនខ្មែររៀនមុជទឹក ដើម្បីអាចមានលទ្ធភាពក្នុងការមុជទឹកទស្សនាបាតសមុទ្រកម្ពុជា។ «ខ្ញុំក៏ចង់បញ្ជាក់ផងដែរថា បច្ចុប្បន្ននេះ គឺយើងមានទាំងភ្ញៀវទេសចរបរទេស និងជនជាតិខ្មែរមួយចំនួនដែលបានមកទស្សនាមុជទឹកបាតសមុទ្រនៅកោះរបស់យើង ហើយក៏មានក្មេងៗតូចៗអាយុ ៨ ឬ៩ ឆ្នាំហាត់រៀនមុជទឹកសមុទ្រផងដែរ» ៕

អត្ថបទដែលជាប់ទាក់ទង