តារាចម្រៀងល្បីឈ្មោះលំដាប់ប្រទេស និងមានងារជា «ឧកញ៉ា» គឺលោក ខេមរៈ សិរីមន្ត បានបង្ហាញវត្តមានជាផ្លូវការហើយ
តារាចម្រៀងល្បីឈ្មោះលំដាប់ប្រទេស និងមានងារជា «ឧកញ៉ា» គឺលោក ខេមរៈ សិរីមន្ត បានបង្ហាញវត្តមានជាផ្លូវការហើយ
(ភ្នំពេញ)៖ តារាចម្រៀងលោកឧកញ៉ា ខេមរៈ សិរីមន្ត បានថ្លែងតាមរយៈបណ្ដាញសង្គម Facebook ផ្លូវការរបស់ខ្លួន ឲ្យបានដឹងនៅមុននេះបន្តិចថា បងប្អូនដែលគាំទ្រខ្ញុំបាទទាំងអស់គ្នា បន្តិចទៀតនេះ ខ្ញុំនឹងក្លាយជាសមាជិកគ្រួសារ Galaxy Navatra ហើយបទចម្រៀងថ្មីរបស់ខ្ញុំ ក៏នឹងចេញនៅពេលបន្តិចនេះដែរ ក្នុង Chanel Galaxy សូមបងប្អូនរង់ចាំតាមដានទាំងអស់គ្នាណាបាទ..!»។
តារាចម្រៀងល្បីឈ្មោះលំដាប់ប្រទេស និងមានងារជា «ឧកញ៉ា» គឺលោក ខេមរៈ សិរីមន្ត បានបង្ហាញវត្តមានជាផ្លូវការហើយ នៅក្នុងផលិតកម្ម Galaxy Navatra របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដោយបានរៀបចំពិធីទទួលស្វាគមន៍ ក្លាយជាតារាចម្រៀងសមាជិកថ្មីរបស់ផលិតកម្ម នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ នៅភោជនីយដ្ឋានទន្លេបានសាក់២។ ពិធីទទួលស្វាគមន៍តារាចម្រៀងល្បី ខេមរៈ សិរីមន្ត ចូលមកកាន់គ្រួសារ «Galaxy Navatra» គេសង្កេតឃើញមានការចូលរួមពីសំណាក់ អ្នកសិល្បៈ អ្នកជំនួញ ដៃគូពាណិជ្ជកម្ម ផលិតករ ម្ចាស់ផលិតកម្ម និងមន្ត្រីរាជការមួយចំនួនផងដែរ។
លោក ខេមរៈ សិរីមន្ត ពិតជាមានអារម្មណ៍រំភើបសប្បាយរីករាយ ដែលបានក្លាយជាតារាចម្រៀង ក្នុងផលិតកម្ម «Galaxy Navatra» ដែលអាចធ្វើឲ្យលោកមានភាពកក់ក្ដៅ ក្នុងការបន្តសាងកេរ្តិ៍ឈ្មោះឲ្យកាន់តែល្បីរន្ទឺបន្ថែមទៀត ក្នុងវិស័យសិល្បៈ ជាពិសេសគឺវិស័យចម្រៀង។ ការចូលមកកាន់ «Galaxy Navatra» គឺលោកនឹងទទួលបានបទពិសោធថ្មីៗបន្ថែមទៀត ដើម្បីពង្រីកទីផ្សារចម្រៀងរបស់កម្ពុជា ឲ្យកាន់តែខ្លាំងក្លាទាំងក្នុងឆាកជាតិ និងអន្តរជាតិ។
តារាចម្រៀង ខេមរៈ សិរីមន្ត ធ្លាប់បានអះអាងថា ទោះបីជាលោកមានជំនួញដីធ្លីនៅក្នុងដៃ និងមមាញឹកទៅនឹងការងាររស៊ីផ្សេងៗក៏ដោយ ប៉ុន្តែលោកមិនបោះបង់ចោលអាជីពជាអ្នកសិល្បៈឡើយ។ លោកមានថ្ងៃនេះ ក៏ដោយសារតែការងារសិល្បៈ ដោយសារតែមានការគាំទ្រពីបងប្អូនទូទាំងប្រទេស ទើបលោកមានឈ្មោះល្បី ហើយលោកនឹងបន្តរិះរកអ្វីដែលថ្មីប្លែក ដើម្បីបំពេញសេចក្ដីត្រូវការរបស់អ្នកគាំទ្រ និងបន្តឈរជើងយ៉ាងរឹងមាំក្នុងវិស័យសិល្បៈបន្ថែមទៀត។
សូមបញ្ជាក់ថា ការបង្ហាញវត្តមានជាផ្លូវការរបស់តារាចម្រៀង ខេមរៈ សិរីមន្ត បានបង្ហាញឲ្យឃើញថា នៅក្នុងផលិតកម្ម Galaxy Navatra គឺមានតារាចម្រៀងល្បីឈ្មោះ មានងារជា «ឧកញ៉ា» បន្ថែមម្នាក់ទៀតហើយ បន្ទាប់ពីតារាចម្រៀងល្បី គឺលោកឧកញ៉ា ព្រាប សុវត្ថិ ដែលពុំទាន់មានផលិតកម្មណាមានតារាចម្រៀងជា «ឧកញ៉ា» ដូចផលិតកម្ម Galaxy Navatra ឡើយ។
មុននឹងប្រកាសឲ្យដឹងជាសាធារណៈនៅពេលនេះ កន្លងមកអ្នកគាំទ្រ និងមហាជនធ្លាប់ទទួលបាននូវដំណឹងល្ហិចល្ហៀងមកថា មួយរយៈចុងក្រោយនេះ ក្រៅពីជំនួញរកស៊ីដីធ្លីនៅក្នុងខេត្តសៀមរាប តារាចម្រៀង ខេមរៈ សិរីមន្ត បានសំងំថតបទចម្រៀងឲ្យផលិតកម្ម Galaxy Navatra បានជាច្រើនបទរួចមកហើយ ប៉ុន្តែផលិតកម្មមិនទាន់បញ្ចេញ។ ប៉ុន្តែពេលនេះត្រូវបានផលិតកម្មបញ្ចេញ ស្របគ្នាទៅនឹងវត្តមានរបស់តារារូបនេះ ចូលមកក្នុងផលិតកម្មតែម្ដង។
វត្តមានរបស់តារាចម្រៀង ខេមរៈ សិរីមន្ត ក៏បានធ្វើឲ្យមហាជន និងអ្នកគាំទ្រអស់ក្ដីសង្ស័យតទៅទៀតដែរ ជុំវិញការចូលមកកាន់ផលិតកម្មល្បីឈ្មោះ របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ខណៈដែលកន្លងមកភាពស្និទ្ធស្នាលរបស់អ្នកទាំងពីរ បានកើតជាក្ដីសង្ស័យជុំវិញការបើកឱកាសឲ្យតារាចម្រៀង ខេមរៈ សិរីមន្ត មករួមរស់ក្នុងទ្រនំមួយនេះ។ មហាជន ក៏បានសម្ដែងត្រេកអរផងដែរ ពេលបានទទួលដំណឹងថា តារាចម្រៀងលោកឧកញ៉ា ខេមរៈ សិរីមន្ត ចូលច្រៀងនៅក្នុងផលិតកម្ម Galaxy Navatra ជាផ្លូវការ៕