Banner KNP Detail Top

តារាសម្តែងវ័យក្មេងនាង គង់ ចាន់ស្រីដែន បានសម្រេចចិត្ត មិនទទួលយកការងារសម្តែងថ្មីៗបន្ថែមទៀតទេ

តារាសម្តែងវ័យក្មេងនាង គង់ ចាន់ស្រីដែន បានសម្រេចចិត្ត មិនទទួលយកការងារសម្តែងថ្មីៗបន្ថែមទៀតទេ

ភ្នំពេញ ៖ អាជីពដែលនាងកំពុងតែក្តាប់ក្នុងដៃនាពេលនេះ គឺពិធីការិនីអានព័ត៌មាន និងសរសេរព័ត៌មាននៅស្ថានីយទូរទស្សន៍ប៉ុស្តិ៍អប្សរា ក្នុងកម្មវិធីព័ត៌មានអប្សារណេត ក្រោមការដឹកនាំដោយលោក ម៉ាយ៉ារឹទ្ធ ហើយនាងក៏មានគោលដៅរៀនយកសញ្ញាប័ត្របន្តផ្នែកសរសេរព័ត៌មាននេះ ។
បន្ទាប់ពីរូបនាងបានប្រឡងជាប់ជា Freshie girl ចំណាត់ថ្នាក់លេខ១ ក្នុងឆ្នាំ២០១៥ មក ភាពយន្តដែលនាងទទួលថត គឺមាន៣រឿង ទី១ រឿង «ស្នេហាក្មេងៗ» បញ្ចាំងនៅក្នុងរោងភាពយន្ត ទី២ រឿង «កូនចៅក្លែងកាយប៉ះចៅហ្វាយកំពូលកូរ» ចាក់ផ្សាយនៅស្ថានីយទូរទស្សន៍ PNN និងទី៣ រឿង «តាមបេះដូង» របស់ផលិតកម្មសាស្ត្រាហ្វៀម»។
ក្រោយពីបានសម្តែងរឿងនេះ បច្ចុប្បន្នក៏មានផលិតករមួយចំនួនបានទាក់ទងនាងឲ្យថតខ្សែភាពយន្តជាបន្តបន្ទាប់ដែរ ប៉ុន្តែនាងសុំពន្យាការថតមួយរយៈពេលដោយផ្តោតលើការងារព័ត៌មានដែលនាងកំពុងតែធ្វើនាពេលបច្ចុប្បន្ននេះ ។ នាងបន្ថែមថា «អាជីពសិល្បៈមួយនេះ គឺយើងមិនអាចទុកចោល ឬអាចទៅធ្វើអ្វីផ្សេងបាននោះទេ មួយទៀតរឿងដែលសោកសៅបំផុត គឺនាងទើបតែបាត់បង់អ្នកម្តាយកាលពីពេលថ្មីៗនេះ ដែលបញ្ហានេះធ្វើឲ្យនាងមិនទាន់គិតថា តើនាងត្រូវដើរទៅណាបន្តទៀតនោះ?»។
ពាក់ព័ន្ធបញ្ហាស្នេហាវិញ តារាសម្តែងស្រីវ័យ២៤ឆ្នាំ គង់ ចាន់ស្រីដែន បានលើកឡើងថា «ក្រោយចាប់ឈោងក្នុងអាជីពសិល្បៈអស់រយៈពេលប៉ុន្មានឆ្នាំមកនេះ គឺមានបុរសៗជាច្រើនទាក់ទងនាងផងដែរ ប៉ុន្តែនាងមិនទាន់គិតនៅឡើយទេ»។ កន្លងមក នាងក៏មានបុរសនៅក្នុងចិត្តដែរ ប៉ុន្តែបានឈានដល់ផ្លូវបំបែកវិញ ដោយសារនាងយល់ថា ទំនាក់ទំនងមួយនេះហាក់មិនច្បាស់លាស់ បូករួមជាមួយការគិតមហិច្ចតាផ្សេងគ្នា ទើបមិនអាចកសាងទំនាក់ទំនងនេះបានយូរអង្វែងទៀតបាន។ ទោះជាយ៉ាងណា បច្ចុប្បន្ន រឿងស្នេហានាងមិនទាន់ចង់គិតនៅពេលនេះឡើយ ដោយសារនាងត្រូវពង្រឹងការងារឲ្យបានរឹងដៃជាមុនសិន ខណៈពេលដែលទៅថ្ងៃអនាគត បុរសដែលនាងត្រូវជ្រើសរើសនោះ គឺជាបុរសដែលទទួលយករឿងល្អ និងអាក្រក់របស់នាង ចេះអត់ឱន មិនសាំញាំ និងផ្តល់សេរីភាពឲ្យគ្នាទៅវិញទៅមក។ តារាសម្តែងនាង គង់ ចាន់ស្រីដែន គឺជាកូនទោលតែម្នាក់ ដែលម្តាយរបស់នាងបានយកនាងមកចិញ្ចឹមបាច់បីធ្វើជាកូនតាំងពីតូចនៅក្នុងខេត្តព្រៃវែង មុនពេលដែលម្តាយរបស់នាងទើបតែទទួលមរណភាពកាលពីពេលថ្មីៗនេះ៕

អត្ថបទដែលជាប់ទាក់ទង