Banner KNP Detail Top

រថយន្តដាច់ហ្វ្រាំង ធ្លាក់ចំណោទយាយម៉ៅពេជ្រនិល រងរបួសធ្ងន់ស្រាលមនុស្ស ៤នាក់

រថយន្តដាច់ហ្វ្រាំង ធ្លាក់ចំណោទយាយម៉ៅពេជ្រនិល រងរបួសធ្ងន់ស្រាលមនុស្ស ៤នាក់

កំពង់ស្ពឺ៖ យ៉ាងហោចណាស់មនុស្សចំនួន ៤នាក់ បានរងរបួសធ្ងន់ស្រាល ខណៈរថយន្តខ្នាតធំមួយគ្រឿង បានដាច់ហ្វ្រាំងកំពុងប្រឹងឡើងចំណោទយាយម៉ៅពេជ្រនិល ហើយរអិលថយក្រោយទៅប៉ះជាមួយរថយន្តមួយគ្រឿងផ្សេងទៀតដែលបើកបរបញ្ច្រាសទិសគ្នាបណ្តាលឱ្យធ្លាក់ជ្រោះ កាលពីវេលាម៉ោង ២២:៣៩នាទី យប់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ លើកំណាត់ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ១០៦-១០៧ ភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

យោងតាមការឱ្យដឹងពីសមត្ថកិច្ចមូលដ្ឋានស្រុកភ្នំស្រួច បានឱ្យដឹងថា ករណីរថយន្តដាច់ហ្វ្រាំងរ៉េចង្កូតប៉ះរថយន្តដែលបើកបរបញ្ច្រាសទិសគ្នាមានម៉ាកHYUNDAI ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 3F-7734 បើកបរដោយឈ្មោះ យា រត្ននា ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅភូមិប្រមរ ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្ដាល។ ក្នុងរថយន្តមានអ្នករួមដំណើរចំនួន ៣នាក់។ រីឯរថយន្តមួយគ្រឿងទៀត ម៉ាក HYUNDAI ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ3F-0268 សណ្ដោងស៊ឺមីរ៉ឺម៉ក ពាក់ស្លាកលេខ ព្រះសីហនុ4A-1156 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ(បានចុះរត់គេចពីកន្លែងកើតហេតុ)។
ក្រោយកើតហេតុ រថយន្តទាំងពីរបានរអិលធ្លាក់ទៅក្នុងជ្រោះយាយម៉ៅពេជ្រនិល បណ្តាលឱ្យអ្នកបើកបរ និងអ្នករួមដំណើររងរបួសធ្ងន់ ហើយត្រូវបានរថយន្តសង្គ្រោះរបស់បញ្ជាការដ្ឋានការពារកោះឆ្នេរបញ្ជូនយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ។ ជនរងគ្រោះមាន ឈ្មោះ តា រត្ននា, ទូច ពិសី, ឈ្មោះ ស្រួច កក្កដា និងឈ្មោះ ឡៃ ស៊ីវម៉េង។ សមត្ថកិច្ចកំពុងធ្វើការស្ទួចយករថយន្តចេញពីជ្រោះ ដើម្បីសម្រួលចរាចរណ៍ និងយកមករក្សាទុក និងចាត់វិធានការបន្ត៕

អត្ថបទដែលជាប់ទាក់ទង