គ្រោះថ្នាក់ចរាចរណ៍ បុរសម្នាក់ជិះម៉ូតូបុករនាំងថ្មដាក់ទទឹងផ្លូវ បណ្ដាលឲ្យស្លាប់ នៅពោធិ៍សាត់
គ្រោះថ្នាក់ចរាចរណ៍ បុរសម្នាក់ជិះម៉ូតូបុករនាំងថ្មដាក់ទទឹងផ្លូវ បណ្ដាលឲ្យស្លាប់ នៅពោធិ៍សាត់
ពោធិ៍សាត់ : យោងតាមផេក នាយកដ្ឋានផ្សព្វផ្សាយអប់រំក្រសួងមហាផ្ទៃ បានឲ្យដឹងថាកាលពីថ្ងៃព្រហស្បតិ៍ ១៣រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនិងថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ ករណីគ្រោះថ្នាក់ចរាចរណ៍បុរសម្នាក់បានជិះម៉ូតូបុករនាំងថ្មដាក់ទទឹងផ្លូវ បិទមិនឱ្យធ្វើចរាចរណ៍(ការដ្ឋានធ្វើផ្លូវ)នៅលើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រ១៧៣–១៧៤ ស្ថិតនៅភូមិតាកែវលើ ឃុំត្នោតជុំ ស្រុកក្រគរខេត្តពោធិ៍សាត់ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងអាជ្ញាធរនៅក្នុងមូលដ្ឋានចុះពិនិត្យដល់កន្លែងកើតហេតុ។
មុនពេលកើតហេតុគេឃើញមានម៉ូតូ០១គ្រឿងម៉ាកHONDA សេ១២៥ សេរី០២២ពណ៌ខ្មៅ ពាក់ផ្លាកលេខ ពោធិ៍សាត់ ១M-៩៩០៦ បើកបរដោយឈ្មោះ សោន រដ្ឋ អាយុ៣៤ឆ្នាំ ភេទប្រុសមុខរបរជាងសំណង់ជនជាតិខ្មែរ មានទីលំនៅភូមិពោធិ៍ខឿន ឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ធ្វើចរាចរណ៍ពីលិចទៅកើតលុះមកដល់ចំណុចកើតហេតុខាងលើបានជិះម៉ូតូបុករនាំងថ្មដាក់ទទឹងផ្លូវយ៉ាងពេញទំហឹងបណ្ដាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ផ្លូវបិទមិនឱ្យធ្វើចរាចរណ៍(ការដ្ឋានធ្វើផ្លូវ)។
លោកវរសេនីយ៍ឯក មោក ភារម្យ អធិការនៃអធិការដ្ឋាននគរបាលស្រុកក្រគរបានឲ្យដឹងថា បន្ទាប់ពីកម្លាំងនគរបាលជំនាញចរាចរណ៍បានចុះទៅពិនិត្យនិងធ្វើការវាស់វែងរួចហើយបានសន្និដ្ឋានថាករណីគ្រោះថ្នាក់ចរាចរណ៍នេះបណ្ដាលមកពីកត្តាអ្នកបើកបរម៉ូតូប្រើប្រាស់ល្បឿនលឿននិងខ្វះការប្រុងប្រយត្ន័។
យោងតាមនិទ្ទេសរបស់ឯកឧត្តម កូយ កាន់យ៉ា ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ ចុះថ្ងៃទី១៩ ខែមករាឆ្នាំ២០២៣ វេលាម៉ោង៧និង២៩នាទី បានបញ្ជាតាមទូរសព្ទឲ្យធ្វើកំណត់ហេតុប្រគល់ទទួលសពទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំពោះម៉ូតូសមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់ទទួលឲ្យទៅក្រុមគ្រួសារយកទៅផ្ទះវិញ ៕