Banner KNP Detail Top

តារាសម្តែងលោក ស្រេង វុធថា បានប្រកាសពីពេលវេលាចូលរោងការជាផ្លូវការ ជាមួយតារាសម្តែងស្រីនាង ជា ស្រីរ័ត្ន

តារាសម្តែងលោក ស្រេង វុធថា បានប្រកាសពីពេលវេលាចូលរោងការជាផ្លូវការ ជាមួយតារាសម្តែងស្រីនាង ជា ស្រីរ័ត្ន

ភ្នំពេញ ៖ បន្ទាប់ពីអ្នកទាំងពីរបានភ្ជាប់ពាក្យជាមួយគ្នាកាលពីអំឡុងឆ្នាំ២០២០ កន្លងទៅ តែគម្រោងរៀបចំពិធីមង្គលការរបស់ពួកគេមិនទាន់បានកំណត់ ដោយសារហេតុផលផ្ទាល់ខ្លួន និងបញ្ហាជំងឺកូវីដ-១៩។
តារាសម្តែងលោក ស្រេង វុធថា បានប្រកាសដំណឹងនេះ នៅលើគណនីហ្វេសប៊ុករបស់លោកថា «ថ្ងៃដែលខ្ញុំទទឹងរង់ចាំក្នុងមួយជីវិតមានតែម្ដង វាជិតមកដល់ហើយ ខ្ញុំសង្ឃឹមថា ឯកឧត្តម លោកជំទាវ បងប្អូនទាំងអស់គ្នា នឹងផ្ដល់កិត្តិយសចូលរួមថ្ងៃមង្គលការរបស់ខ្ញុំបាទទាំងពីរ ដែលប្រព្រឹត្ដទៅនៅថ្ងៃព្រហស្បតិ៍ ខែកុម្ភៈ ឆ្នាំ២០២៣ (02.02.2023) ខាងមុខនេះ»។
ការប្រកាសពីដំណឹងនេះ បានធ្វើឲ្យមហាជន ជាពិសេសមិត្តភក្តិដែលជាអ្នកសិល្បៈដូចគ្នាបានសម្តែងការអបអរសាទរ និងបានជូនពរអ្នកទាំងពីរឲ្យទទួលបានសុភមង្គលនៅក្នុងការជីវិតគូនាពេលនេះ។
តារាសម្តែងនាង ជា ស្រីរ័តុ្ន ធ្លាប់បានអះអាងប្រាប់ឲ្យដឹងថា នាងបានសម្រេចភ្ជាប់ពាក្យជាមួយតារាសម្តែងប្រុសលោក ស្រេង វុធថា កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២០ ក្រោយពីបានស្គាល់គ្នាអស់រយៈពេលប្រមាណជា៥ឆ្នាំ ហើយរឿងរ៉ាវស្នេហាក្រៅឆាករបស់នាងនាពេលនេះ ក៏មានការលាក់លៀមដែរ ពោលគឺមានការដឹងលឺច្រើននៅក្នុងសង្គមសិល្បៈ និងមានការចុះផ្សាយតាមបណ្តាញសារព័ត៌មានជាបន្តបន្ទាប់ផងដែរ។ មង្គលការរបស់ពួកគេមិនអាចកើតមានឡើងភ្លាមៗនោះឡើយ ដោយសារមូលហេតុអ្នកទាំងពីរមានការមមាញឹកខ្លាំងទៅលើការងារសិល្បៈដោយមិនអាចកំណត់ថ្ងៃមង្គលការណាមួយ អំឡុងពេលនោះ កម្ពុជាក៏ដូចជាបណ្តាប្រទេសនៅលើសកលលោកដែលកំពុងញាំញីដោយសារជំងឺកូវីដ១៩។
ទស្សនិកជន ក៏ដូចជាបណ្តាអ្នកគាំទ្ររំពឹងថា ការសម្រេចភ្ជាប់ទំនាក់ទំនងស្នេហ៍ជាប្តីប្រពន្ធរវាងតារាសម្តែងលោក ស្រេង វុធថា និងនាង ជា ស្រីរ័ត្ន នាពេលនេះនឹងទទួលបានសុភមង្គល និងអាចរស់នៅជាមួយគ្នារហូតដល់ចាស់រៀងៗខ្លួន៕

អត្ថបទដែលជាប់ទាក់ទង