សិស្ស ១០១នាក់ នៅសាលាហ៊ុនសែនប្រមោយ ដួលសន្លប់ សង្ស័យពុលខ្យល់ ស្រុកវាលវែង ខេត្តពោធិ៍សាត់
សិស្ស ១០១នាក់ នៅសាលាហ៊ុនសែនប្រមោយ ដួលសន្លប់ សង្ស័យពុលខ្យល់
ស្រុកវាលវែង ខេត្តពោធិ៍សាត់
(ពោធិ៍សាត់)៖ រយៈពេល៣ថ្ងៃ គឺនៅថ្ងៃទី២-៣ និងនៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នំា២០២៣នេះ យ៉ាងហោចមានសិស្សចំនួន១០១នាក់ បានដួលសន្លប់ជាបន្តបន្ទាប់នៅអនុវិទ្យាល័យ និងវិទ្យាល័យហ៊ុនសែនប្រមោយ ស្រុកវាលវែង ដោយត្រូវបានបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ខណៈគ្រូពេទ្យពិនិត្យមិនឃើញមានរោគាអ្វីឡើយ តែអាចមកពីពុលខ្យល់។
គួររំលឹកថា កាលពីថ្ងៃទី២-៣ ខែកុម្ភៈ សិស្សចំនួន៦១នាក់កើតមានអាការថប់ពិបាកដកដង្ហើម ទន់ដៃ ទន់ជើង ក៏ដួលសន្លប់តែម្ដង ក្នុងនោះមួយចំនួនបានធូរស្បើយ និងបានវិលត្រឡប់ទៅផ្ទះវិញខ្លះហើយ។
លោក វង្ស អេង អភិបាលស្រុកវាលវែង បានឲ្យដឹងថា បន្ទាប់ពីហេតុការណ៍នេះ នាយកគ្រប់គ្រងសាលា រួមនឹងអាជ្ញាធរកំពុងរៀបចំធ្វើពិធីសែនព្រេន ជូនម្ចាស់ទឹកម្ចាស់ដី ដែលថែរក្សានៅទីនោះ ដើម្បីសុំសេចក្តីសុខសេចក្តីចម្រើន នាថ្ងៃទី៥ ខែកុម្ភៈ។ ប៉ុន្តែគួរឱ្យចម្លែក ក្នុងពេលធ្វើពិធីនោះ ក៏ស្រាប់តែមានសិស្ស ៤០នាក់បានទ្រហោយំ និងដួលសន្លប់ជាបន្តបន្ទាប់ ក្នុងនោះមានសិស្សប្រុសម្នាក់ ដែលមានអាការថប់ពិបាកដកដង្ហើម ទន់ដៃទន់ជើងដូចសិស្ស ៦១នាក់មុននោះដែរ។
លោក វង្ស អេង បានបន្តថា ពួកគេត្រូវបានបញ្ជូនយកទៅសង្គ្រោះនៅមណ្ឌលសុខភាពប្រមោយ និងបន្តបញ្ជូនទៅមន្ទីរពេទ្យបង្អែកពោធិ៍សាត់ ខណៈដែលការពិនិត្យនិងវិនិច្ឆ័យថា គ្មានជំងឺអ្វីឡើយ តែប្រហែលអាចមកពី «ពុលខ្យល់»។ សិស្សជាច្រើនបានធូរស្បើយឡើងវិញខ្លះហើយ គឺនៅមានត្រឹមតែ២ទៅ៣នាក់ប៉ុណ្ណោះ ដែលមិនទាន់ធូរស្រាល ហើយគ្រូពេទ្យកំពុងតែតាមដានបន្ត៕